ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញក្រុមការងារចុះមូលដ្ឋានបន្តខិតខំលើការងារកសាងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តកែប

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញក្រុមការងារចុះមូលដ្ឋាន បន្តខិតខំប្រឹងប្រែង លើការងារកសាងមូលដ្ឋានសេដ្ឋកិច្ច ដែលជាកោសិកា រុញច្រាននូវការអភិវឌ្ឍវិស័យផ្សេងៗទៀតរបស់ខេត្តកែប និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ ។

ក្នុងកិច្ចប្រជុំជីវភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកែប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប បានបញ្ជាក់ថា បេសកកម្មរបស់ក្រុមការងារ គឺជួយតម្រង់ទិស ឬជួយពិគ្រោះផ្តល់យោបល់ដល់រដ្ឋបាលខេត្ត ក្នុងការអនុវត្តការងាររបស់ខ្លួនទៅតាមវិស័យនីមួយៗ ដើម្បីជាឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍខេត្តកែប និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា យើងទាំងអស់គ្នាត្រូវរួមចំណែកផ្តល់មតិយោបល់ដើម្បីធ្វើឱ្យសង្គមជាតិផ្លាស់ប្តូរផ្នត់គំនិតថ្មី និងមានស្មារតីភ្ញាក់រលឹកកែប្រែទម្លាប់មិនល្អណាមួយឱ្យមកជាល្អឡើងវិញ ដើម្បីឱ្យខេត្តកែបដ៏តូចច្រឡឹងមួយនេះ ក្លាយជាទីទាក់ទាញទេសចរណ៍ និងបង្កើតចំណូលសេដ្ឋកិច្ចសម្រាប់ខេត្តនិងប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា មូលដ្ឋានសេដ្ឋកិច្ចគឺជាកោសិកាកកើតដែលរុញច្រាននូវការអភិវឌ្ឍវិស័យផ្សេងៗទៀតរបស់ខេត្តកែប រួមមាន វិស័យអប់រំ សុខាភិបាល ទេសចរណ៍ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម។ ឯកឧត្តមណែនាំថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ត្រូវបន្តខិតខំប្រឹងប្រែងលើការងារទាំងអស់នេះឱ្យបានល្អប្រសើរឡើងជាប្រចាំ ដើម្បីកសាង និងពូនជ្រុំខេត្តកែប សំដៅកាត់បន្ថយការលំបាករបស់ប្រជាជន និងជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner