កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលការពារដែនអាកាសជំនាន់ថ្មី
ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃ ពុធ បានបាញ់សាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលទើបរចនាឡើងថ្មី ព្រមទាំងធ្វើសមយុទ្ធវាយប្រហារដោយប្រើមីស៊ីលនាំផ្លូវយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ។
កាសែតកូរ៉េ KCNA បានឱ្យដឹងនៅថ្ងៃ ព្រហស្បតិ៍ នេះថា ការបាញ់សាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាសជំនាន់ថ្មីនេះ ធ្វើឡើងក្នុងគោលបំណងផ្ទៀងផ្ទាត់សមត្ថភាពបច្ចេកទេសរបស់ប្រព័ន្ធអាវុធ ។
KCNA បន្តថា ការធ្វើតេស្តនេះដែរ ក៏បានបញ្ជាក់ពីលក្ខណៈបច្ចេកទេស និងភាពជឿជាក់នៃវត្ថុធាតុដើមថ្មី ព្រមទាំងប្រព័ន្ធណែនាំទិសដៅឆ្លាតវៃច្រើនរបៀបរបស់គ្រាប់មីស៊ីល ។
KCNA បន្ថែមថា ការសាកល្បងនោះ ក៏បានពិនិត្យលើសមត្ថភាពកំណត់អត្តសញ្ញាណ និងតាមដានគោលដៅរបស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ព្រមទាំងឧបករណ៍ដំណើរការព័ត៌មានពីប្រព័ន្ធចាប់សញ្ញាផងដែរ ។
ក្រៅពីធ្វើតេស្តប្រព័ន្ធមីស៊ីលការពារដែនអាកាស អង្គភាពរងមួយនៃកងកម្លាំងមីស៊ីលផ្លោងយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ដែលឈរជើងនៅតំបន់ភាគខាងកើត ក៏បានធ្វើសមយុទ្ធវាយប្រហារដោយប្រើមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយ សំដៅលើគោលដៅព្រលានយន្តហោះសិប្បនិម្មិតផងដែរ ។
ប្រភពពីកូរ៉េខាងត្បូងទម្លាយថា មីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃ ពុធ នេះ មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយតិចជាង ៣០០ គីឡូម៉ែត្រ ។
បើតាមកាសែត Yonhap, ការសាកល្បងអាវុធកាលពីថ្ងៃ ពុធ នេះ គឺជាលើកទី៤របស់កូរ៉េខាងជើងក្នុងពេលត្រឹមមួយសប្តាហ៍ ដោយចាប់ផ្តើមពីការធ្វើតេស្តប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ទំហំ ៦០០ មីលីម៉ែត្រ កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុន ។
បន្ទាប់មក កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែកចង្កោម ដែលអាចបំពាក់លើមីស៊ីលផ្លោងយុទ្ធសាស្ត្រកាលពីថ្ងៃ សៅរ៍ សប្តាហ៍មុន និងធ្វើតេស្តក្បាលគ្រាប់សម្រាប់បំពាក់លើមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ៕
ប្រភព ៖ Yonhap ប្រែសម្រួល ៖ ឈឹម ទីណា
