រដ្ឋាករទឹកស្វយ័តសៀមរាប បើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី១៩

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០១៩នេះ នៅរដ្ឋាករទឹកស្វយ័តសៀមរាប មានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី១៩ របស់ខ្លួន ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោក ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់រដ្ឋាករទឹកស្វយ័តសៀមរាប។

មានប្រសាសន៍បើកកិច្ចប្រជុំនោះឯកឧត្តម អ៊ុ សុថា បានលើកនូវរបៀបវារៈនៃកិច្ចប្រជុំចំនួន៦ ចំណុច ដើមី្បដាក់ជូនដល់អង្គប្រជុំ ក្នុងការអនុម័តទៅលើរបៀបវារៈរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី៤ លើកទី១៩ របស់រដ្ឋាករទឹកស្វយ័តសៀមរាប ព្រមទាំងបានសំណូមពរដល់កិច្ចប្រជុំទាំងមូល ឲ្យលើកនូវជាមតិយោបល់ ចូលរួមពិភាក្សាលើកិច្ចប្រជុំនាពេលនេះ សំខាន់ផ្តោតទៅលើរបាយការណ៍ប្រចាំឆ្នាំ និង ការចំណូល ចំណាយ និងការងារពង្រីកបណ្តាញទឹកស្អាតក្នុងក្រុងសៀមរាប របស់រដ្ឋាករទឹកស្វយ័តសៀមរាប។

តាមសេចក្តីរាយការណ៍របស់ឯកឧត្តម ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានលើកឡើងអំពីលទ្ធផលដែលអង្គភាពរបស់រដ្ឋាករទឹកស្វយ័តសៀមរាបអនុវត្តបានក្នុងឆ្នាំ២០១៨ ព្រមទាំងបានលើកនូវបញ្ហាប្រឈមមួយចំនួនផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីការរៀបចំតំណទឹកស្អាតភ្ជាប់ទៅផ្ទះប្រជាពលរដ្ឋ មានចំនួនទាបជាងផែនការបន្តិចក្តី តែបរិមាណទឹកស្អាតក្នុងឆ្នាំ២០១៨ ស្មើនឹង ១០៤% នៃលទ្ធផលអនុវត្តជាក់ស្តែង ក្នុងឆ្នាំ២០១៧ គឺមានការកើនប្រមាណ ២៣៦ពាន់២៧៦ម៉ែត្រត្រីគុណ ហើយក្នុងឆ្នាំ២០១៨ គម្រោងរៀបចំបណ្តាញបំពង់ទឹកស្អាតបានប្រវែង ២២គីឡូម៉ែត្រ។

ឯកឧត្តមបានបន្តទៀតថា ក្នុងគម្រោងឆ្នាំ២០១៩នេះ និងធ្វើស្ថានីយ៍ទឹកស្អាត ដោយយកប្រភពទឹកពីបឹងទន្លេសាប ព្រមទាំងរៀបចំបណ្តាញបំពង់ទឹកស្អាតចូលមកក្នុងក្រុង និង ប្រព័ន្ធចែកចាយទឹកប្រវែង២០០គីឡូម៉ែត្រ។ ស្ថានីយ៍ទឹកស្អាតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកក្នុងមួយថ្ងៃបាន៦០ពាន់ម៉ែត្រត្រីគុណ ក្រោមឥណ្ឌទានដៃគូអភិវឌ្ឍន៍ ដែលមានទឹកប្រាក់សរុប១០លានដុល្លារសហរដ្ឋអាម៉េរិក។

ក្នុងនោះដែរឯកឧត្តមបានធ្វើសេចក្តីរាយការណ៍អំពីខ្ទង់ចំណូល ចំណាយរបស់រដ្ឋាករទឹកស្វយ័តសៀមរាបផងដែរ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏បានធ្វើកិច្ចពិភាក្សា ដោយផ្តោតសំខាន់ចំពោះមុខ ពីប្រភពទឹកក្នុងការផ្តល់មកស្ថានីយ៍ធ្វើការផលិត ដើមី្បផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់ ដោយនៅខែខាងមុខនេះ ប្រទេសកម្ពុជាយើងនឹងជួបនូវបញ្ហាកង្វះទឹកប្រើប្រាស់នៅតាម តំបន់មួយចំនួន ដោយទទួលនូវឥទ្ធិពលសីតុណ្ហភាពកម្តៅ (អែលនីញ៉ូ) ដែលនឹងធ្វើឲ្យប្រភពទឹកផ្គត់ផ្គង់មានការប្រែប្រួលផងដែរ។

មានប្រសាសន៍នោះដែរឯកឧត្តម អ៊ុ សុថា ក៏បានបញ្ជាក់ថា ដើមី្បធានាបានក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងសៀមរាប ឲ្យបានគ្រប់គ្រាន់ទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៥ គឺធ្វើឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្នា។ ដូច្នេះដើមី្ប ក្នុងធានាឲ្យបានអង្គភាពរដ្ឋាករទឹក ត្រូវធ្វើការពង្រីកបណ្តាញតំណរតភ្ជាប់ទៅផ្ទះប្រជាពលរដ្ឋ តែមកដល់ពេលនេះយើងនៅមិនទាន់បាន ប្រើប្រាស់អស់លទ្ធភាពនៅឡើយទេ ក្នុងការបំពេញនូវសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹក ដល់អង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវធ្វើការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់បង្វែងពីការប្រើប្រាស់ទឹកអណ្តូងដែលគ្មានអនាម័យ ឲ្យមកប្រើប្រាស់ទឹកស្អាតរបស់រដ្ឋវិញ។ 

ឯកឧត្តមបានឯកភាពទៅលើរបាយការណ៍ ដែលអង្គភាពរដ្ឋាករទឹកស្វយ័តសៀមរាប បានបញ្ជាក់ជូន ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងការគ្រប់គ្រងសម្ភារ បរិក្ខារដែលបានបំពាក់ និងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព សំខាន់ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការពង្រឹងពង្រីកបណ្តាញបំពង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲ្យបានគ្រប់ផ្ទះផងដែរ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner