ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក បានរាលដាលដល់ខេត្តរតនគីរី បណ្តាឲ្យជ្រូកជាច្រើនងាប់ជាបន្តបន្ទាប់
ភ្នំពេញ៖ ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ដែលបានកើតឡើងនៅប្រទេសវៀតណាម ដែលបានសម្លាប់សត្វជ្រូករាប់សិបក្បាល បានរីករាលដាលមកដល់ប្រទេសកម្ពុជាហើយ ដោយជំងឺនេះ ត្រូវបានរកឃើញកើតមានឡើងនៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ដែលទើបទទួលបាននៅថ្ងៃទី៥មេសា ២០១៩ ថា ជំងឺប៉េស្តជ្រូកអាហ៊្វ្រិកបានផ្ទុះឡើងនៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។ ចាប់តាំងពីករណីនេះឆ្លងចូលមកខេត្តរតនគិរី កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃនេះ បានសម្លាប់សត្វជ្រូកប្រមាណ៤០០ក្បាល។
លោក សូយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគីរី បានបញ្ជាក់ថា នៅខេត្តរតនគីរី មិនមានការនាំចូលសត្វជ្រូកពីប្រទេសវៀតណាមនោះទេ ហើយសត្វជ្រូកដែលកើតជំងឺនេះ គឺកើតទៅលើសត្វជ្រូករបស់បងប្អូនជនជាតិ ដែលព្រលែងនៅក្នុងភូមិ តែយ៉ាងណានោះមន្រ្តីកំពុងចុះស្រាវជ្រាវជាបន្ទាន់ហើយ។
ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ដែលរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលឡាវ បាននិងកំពុងមានវិធានការទប់ស្កាត់យ៉ាងខ្លាំងក្លានោះ ត្រូវបានមន្ដ្រីរបស់កម្ពុជា រកឃើញកើតមានឡើង នៅក្នុងភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប៉ុន្ដែបញ្ហានេះត្រូវបានក្រសួងកសិកម្ម និងអាជ្ញាធរបាន និងកំពុងមានវិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺប្រភេទនេះ។
យ៉ាងណាក៏ដោយ មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យ លោក លី សុវណ្ណ បានអះអាងថា ជំងឺនេះមិនប៉ះពាល់ និងឆ្លងដល់មនុស្សនោះឡើយ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការព្រួយបារម្ភ។
កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានចេញសេចក្ដីប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ៊្វ្រិក នៅក្នុងភូមិសោមកានិញផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ជំងឺនេះមិនឆ្លង និងប៉ះពាល់ដល់មនុស្សទេ ប៉ុន្ដែបណ្ដាលឲ្យជ្រូកឈឺ និងងាប់ដែលមានអត្រាខ្ពស់ រហូតទៅដល់១០០ភាគរយឯណោះ។
យោងសេចក្ដីប្រកាសរបស់រដ្ឋមន្ដ្រីកសិកម្ម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា វិធានការចំពោះមុខនេះ ក្រសួងបានប្រមូលទិញសត្វជ្រូក នៅកន្លែងផ្ទុះជំងឺ ប្រមាណ១០០ក្បាល យកទៅសម្លាប់ និងដុតបំផ្លាញចោល ហើយមានវិធានការទប់ស្កាត់ចរាចរណ៍ជ្រូក ក្នុងរង្វង់៣គីឡូម៉ែត្រ ហើយតាមដានស្រាវជ្រាវបន្ដទៀត ក្នុងរង្វង់១០គីឡូម៉ែត្រ៕ធ.ដ