កូរ៉េខាងត្បូង ប្រកាសពង្រីកប្រតិបត្តិការប្រឆាំងចោរសមុទ្រ ទៅកៀកច្រកហ័រមូស

សេអ៊ូល ៖ ទីក្រុងសេអ៊ូលគ្រោងនឹងពង្រីកប្រតិបត្តិការរបស់អង្គភាពប្រឆាំងចោរសមុទ្រ Cheonghae ឱ្យកាន់តែជិតច្រកសមុទ្រហ័រមូស។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃពុធ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា រដ្ឋាភិបាលនឹងដាក់សំណើទៅកាន់រដ្ឋសភា ដើម្បីពន្យារពេលការដាក់ពង្រាយអង្គភាពនេះ នៅតំបន់មជ្ឈិមបូព៌ា ដែលនឹងផុតកំណត់ នៅចុងឆ្នាំ ២០២៦។

អង្គភាព Cheonghae ត្រូវបានដាក់ពង្រាយ នៅឈូងសមុទ្រអាដេន (Gulf of Aden) តាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍សម្រាប់នាវាពាណិជ្ជកម្មនានា។

យោងតាមស្ថានីយទូរទស្សន៍ YTN, អង្គភាពនេះ បច្ចុប្បន្ន រួមមាននាវាពិឃាតទម្ងន់ ៤.៤០០ តោន, ឧទ្ធម្ភាគចក្រសម្រាប់ប្រតិបត្តិការដែនសមុទ្រ, ទូកល្បឿនលឿនប្រភេទ inflatable ចំនួនរហូតដល់ ៣ គ្រឿង និងបុគ្គលិកយោធាប្រហែល ៣០០ នាក់។

កាសែត Korea Herald បានរាយការណ៍ថា ទីក្រុងសេអ៊ូលក៏នឹងដាក់ពង្រាយយន្តហោះល្បាតដែនសមុទ្រប្រភេទ P-8A មួយគ្រឿង និងបន្ថែមចំនួនបុគ្គលិកចំនួន ៧៥ នាក់ទៀត ទៅក្នុងអង្គភាពនេះផងដែរ។

បើតាម Reuters, ផែនការនេះធ្វើឡើង បន្ទាប់ពីមានសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលជំរុញឱ្យមានការគាំទ្រចំពោះសង្គ្រាមនៅអ៊ីរ៉ង់។

លោក ត្រាំ បានរិះគន់ទីក្រុងសេអ៊ូលថា បានផ្តល់ការគាំទ្រមិនគ្រប់គ្រាន់ចំពោះសង្គ្រាមនៅអ៊ីរ៉ង់ ហើយថែមទាំងបានកាត់បន្ថយទំហំនៃការធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំរវាងប្រទេសទាំងពីរនៅរដូវក្តៅនេះ ដែលជាសកម្មភាពមួយធ្វើឱ្យសម្ព័ន្ធមិត្តអាមេរិកមួយនេះមានក្តីបារម្ភ។

យោងតាមក្រសួងឧស្សាហកម្ម, កូរ៉េខាងត្បូងពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង ដោយក្នុងឆ្នាំ ២០២៥ ប្រទេសនេះបាននាំចូលប្រេង ៧០% ពីតំបន់មជ្ឈិមបូព៌ា ដែលភាគច្រើនត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner