ឈ្នះឆ្នោតភ្លាម បក្សប្រជាធិបតេយ្យប្រកាសថា សង្គ្រាមអាមេរិកជាមួយអ៊ីរ៉ង់ត្រូវតែបញ្ចប់
វ៉ាស៊ីនតោន ៖ ក្រោយពេលលទ្ធផលបង្ហាញថា គណបក្សសាធារណរដ្ឋចាញ់ឆ្នោត អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ, មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ ក្នុងព្រឹទ្ធសភាអាមេរិក បានប្រកាសថា សង្គ្រាមជាមួយអ៊ីរ៉ង់ «ត្រូវតែបញ្ចប់»។
លោក Chuck Schumer មេដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភា បានថ្លែងកាលពីថ្ងៃពុធថា សង្គ្រាមជាមួយអ៊ីរ៉ង់ «ត្រូវតែបញ្ចប់»។ លោកបានលើកឡើងថា គណបក្សរបស់លោក ដែលនឹងក្លាយជាភាគច្រើននៅក្នុងសភា អាចប្រើប្រាស់សិទ្ធិអំណាចលើការអនុម័តថវិការដ្ឋ ដើម្បីដាក់សម្ពាធឱ្យសម្រេចបាននូវគោលដៅនេះ។
លោក Schumer បានប្រាប់អ្នកសារព័ត៌មានថា «សង្គ្រាមនេះត្រូវតែបញ្ចប់។ វាត្រូវតែបញ្ចប់»។ លោកបានបន្ថែមថា «អំណាចលើការគ្រប់គ្រងថវិកា គឺជាមធ្យោបាយមួយដើម្បីទប់ស្កាត់ប្រធានាធិបតី ដែលធ្វើសង្គ្រាមដោយគ្មានការយល់ព្រមពីប្រជាជនអាមេរិក»។
បើតាម CNA, សង្គ្រាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង កាលពីចុងខែកុម្ភៈ ពោលគឺបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារឈុតធំលើអ៊ីរ៉ង់។
កាលពីខែកញ្ញា អ៊ីរ៉ង់បានដាក់លក្ខខណ្ឌ បញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ, ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅបរទេស, ការលុបចោលទណ្ឌកម្មលើវិស័យប្រេង និងការបញ្ចប់ការបិទផ្លូវសមុទ្រ ដោយកងទ័ពជើងទឹកអាមេរិកនៅតាមកំពង់ផែរបស់អ៊ីរ៉ង់ ។ យ៉ាងណា លក្ខខណ្ឌទាំងនេះមិនបានសម្រេចនោះឡើយ ដោយសារតែអាមេរិកបានបដិសេធ ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត