ជាង៧០ប្រទេសនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះមានជាង ៧០ប្រទេសបានចុះឈ្មោះ ក្នុងនោះប្រមុខរដ្ឋាភិបាលជាង ២០ប្រទេសនឹងអញ្ជើញចូលរួម។
សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី១ក្នុងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ហើយឯកឧត្តម ម៉ាក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនេះ។ ឯកឧត្តមក៏នឹងចូលរួមកម្មវិធីសម្ពោធសមិទ្ធផលនៅខេត្តសៀមរាបជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាផងដែរ។ សម្រាប់សម្ដេចធិបតី នេះគឺជាមហាកិត្តិយសរបស់កម្ពុជាដែលប្រជាជនខ្មែរគួរមានមោទនភាព។
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា បើតាមការបញ្ជាក់របស់សភាពាណិជ្ជកម្មបារាំង-កម្ពុជា ក្រុមហ៊ុនបរទេសជាង ៤០០ បានចុះឈ្មោះចូលរួមក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំ២០២៦ ដែលនឹងរៀបចំឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ និងថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៦។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត១ពាន់នាក់បានចុះឈ្មោះយកព័ត៌មានក្នុងកម្មវិធីនេះផងដែរ៕
សេង បារាំង AMS