ភូមិហ្វ្រង់កូហ្វូនីសម្រេចបាន ៨០% ខណៈកម្ពុជាត្រៀមស្វាគមន៍ប្រតិភូមកពីជាង៦០ប្រទេស នាពាក់កណ្តាលខែវិច្ឆិកានេះ
ភ្នំពេញ៖សួនច្បារវត្តបទុមវតីកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស មកទៅជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍កម្រិតអន្តរជាតិ។ គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកានេះ ការសាងសង់ «ភូមិហ្វ្រង់កូហ្វូនី» ដែលជាបេះដូងនៃពិព័រណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ សម្រេចបាន ៨០% ហើយ ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខ ដើម្បីត្រៀមស្វាគមន៍គណៈប្រតិភូ និងសាធារណជន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
វឌ្ឍនភាពនៃការរៀបចំ «ភូមិហ្វ្រង់កូហ្វូនី» បានបង្ហាញឱ្យដឹង ក្នុងឱកាសដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ដោយផ្ទាល់កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។ ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកគ្រប់គ្រងភូមិហ្វ្រង់កូហ្វូនី បានឱ្យដឹងថា ការរៀបចំទីតាំងទាំងមូលកំពុងដំណើរការយ៉ាងសកម្ម និងប្រកបដោយភាពផ្ចិតផ្ចង់ ដើម្បីធានាឱ្យទាន់ពេលវេលាក្នុងការបើកទ្វារទទួលភ្ញៀវជាតិ និងអន្តរជាតិ។
តាមការរៀបចំ ភូមិហ្វ្រង់កូហ្វូនី ត្រូវបានបែងចែកជា ៥ តំបន់ប្រកបដោយភាពទាក់ទាញក្នុងនោះមានទី១. តំបន់ពន្លាជាតិ (National Pavilions)ដែលរៀបចំឡើងតាមរចនាបថខ្មែរ សម្រាប់ប្រទេសសមាជិកតាំងបង្ហាញវប្បធម៌ អរិយធម៌ និងសមិទ្ធផលទេសចរណ៍។ ទី២. តំបន់សិក្ខាសាលា៖ សម្រាប់រៀបចំកិច្ចប្រជុំ សន្និសីទ និងការចែករំលែកបទពិសោធន៍។ទី៣. តំបន់សម្តែងសិល្បៈ៖ វេទិកាបង្ហាញអត្តសញ្ញាណ វប្បធម៌ និងសិល្បៈផ្ទាល់រវាងកម្ពុជា និងបណ្តាប្រទេសសមាជិក។ទី៤. តំបន់ពិព័រណ៍ទូទៅ៖ កន្លែងបង្ហាញផលិតផល និងសេវាកម្មមកពីក្រុមហ៊ុន សហគ្រាស និងរាជធានី-ខេត្ត និងទី៥. តំបន់ភូមិអាហារហ្វ្រង់កូហ្វូនី៖ ទីតាំងជួបជុំរសជាតិអាហារប្រពៃណីចម្រុះជាតិសាសន៍។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកាមានប្រទេសសមាជិកជាង ៦០ បានបញ្ជាក់អំពីក្នុងការចូលរួម ជាមួយនឹងវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង២០ប្រទេសផងដែរ។ដោយឡែកតាមរយៈភូមិហ្វ្រង់កូហ្វូនី គឺជាឱកាសមាសរបស់កម្ពុជា ក្នុងផ្សព្វផ្សាយសក្តានុពលវប្បធម៌ ទេសចរណ៍ទៅកាន់ពិភពលោកនៅលើទឹកដីខ្លួនឯងផ្ទាល់៕
ដោយ៖ ជាវ ចន្ធូ
រូបភាព៖ រិន រចនា














