កម្ពុជា ជូនក្រុមសង្កេតការណ៍អាស៊ាន ទៅមើលទីតាំងយោធាថៃរំកិលប៉ុស្តិ៍ និងជីកលេណដ្ឋាននៅតំបន់ថ្មដា

ក្រុមអ្នកសម្របសម្រួលកម្ពុជាបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ និងសង្កេតការណ៍ផ្ទាល់នៅតំបន់ច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសនៅថ្ងៃទី៥ ខែវិច្ឆិកា ថា ការចុះពិនិត្យនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានឆ្ពោះមកមុខប្រមាណ ២០ម៉ែត្រពីទីតាំងចាស់ ព្រមទាំងដើម្បីត្រួតពិនិត្យលើការគោរព និងការអនុវត្តវិធានការនានាក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។

បើតាមក្រសួងការពារជាតិ កម្ពុជានៅតែបន្តផ្តល់ការគាំទ្រដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបានសង្កត់ធ្ងន់ពីសារៈសំខាន់មិនអាចខ្វះបានក្នុងការរឹតបន្តឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការផ្សេងៗដែលភាគីទាំងពីរបានឯកភាពគ្នាឱ្យមានប្រសិទ្ធភាព និងតម្លាភាព។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវយ៉ាងទទូចឱ្យភាគីថៃគោរពឱ្យបានខ្ជាប់ខ្ជួន នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី យុត្តិធម៌ ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាដែលមានស្រាប់។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវរាល់កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមទាំងឡាយ ដើម្បីជំរុញឱ្យស្ថានភាពព្រំដែនវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងឡើងវិញ៕

ទួន សុផល

ads banner