លោក Zelensky ថា បក្សលោក Trump ចាញ់ឆ្នោត ចំណេញសុទ្ធសាធដល់ អ៊ុយក្រែន

កៀវ ៖ បរាជ័យនៃគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីពេលថ្មីៗនេះ កំពុងផ្តល់ផលចំណេញសុទ្ធសាធដល់ប្រទេសអ៊ុយក្រែន ។ នេះគឺជាការថ្លែងជឿជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កាលពីថ្ងៃពុធ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF, លោក Zelensky លើកឡើងថា ផលចំណេញសម្រាប់អ៊ុយក្រែនពីការចាញ់ឆ្នោតរបស់បក្សលោក ត្រាំ គឺអ៊ុយក្រែនអាចនឹងទទួលបានជំនួយឡើងវិញពីសហរដ្ឋអាមេរិក ។

លោក Zelensky បញ្ជាក់ថា ជោគជ័យរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នឹងនាំមកនូវជំនួយបន្ថែមទៀតសម្រាប់អ៊ុយក្រែន ឲ្យបន្តដង្ហើមក្នុងសង្គ្រាមរយៈពេល ៤ ឆ្នាំកន្លះជាមួយរុស្ស៊ី ។

លោកថា ការគ្រប់គ្រងសភាទាំងពីររបស់គណបក្សប្រជាធិបតេយ្យនឹងផ្តល់ផលចំណេញដល់ទីក្រុងកៀវ ព្រោះថា គណបក្សប្រជាធិបតេយ្យតែងតែនិយាយយ៉ាងច្បាស់លាស់ អំពីការគាំទ្រអ៊ុយក្រែន និងការផ្តល់ជំនួយដល់អ៊ុយក្រែន ។

បើតាមលោក Zelensky, បក្សប្រជាធិបតេយ្យដែលទើបឈ្នះឆ្នោត ក៏ផ្តោតអំពីការស្តារទំនាក់ទំនងឡើងវិញ រវាងសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ ដូច្នេះលោកមានក្តីសង្ឃឹមថា តុល្យភាពអំណាចមួយនឹងកើតឡើង ហើយទីក្រុងកៀវនឹងទទួលបានការគាំទ្រកាន់តែច្រើន ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ លោក Zelensky បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកែលម្អទំនាក់ទំនងដែលមិនសូវរលូនជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាពិសេស បន្ទាប់ពីកិច្ចប្រជុំមួយនៅក្នុងការិយាល័យពងក្រពើកាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ។ នៅពេលនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះត្រូវបានចោទប្រកាន់ថា «មិនចេះដឹងគុណ» ចំពោះជំនួយរបស់សហរដ្ឋអាមេរិក។

អ្វីដែលធ្វើឲ្យទំនាក់ទំនងរវាងអ៊ុយក្រែន និងអាមេរិកកាន់តែល្អក់កករទៀតនោះ គឺបន្ទាប់ពីលោក ត្រាំ បានចាត់វិធានការមួយចំនួនដែលផ្តល់ផលចំណេញដល់រុស្ស៊ី រួមទាំងកិច្ចព្រមព្រៀងនាំចូលប្រេងម៉ាស៊ូតពីរុស្ស៊ី និងការបន្ធូរបន្ថយទណ្ឌកម្មនានាផងដែរ ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner