សម្ដេចប្រធានរដ្ឋសភា៖ ក្រុមហ៊ុនជប៉ុនអាយុកាល១០០ឆ្នាំ នឹងនាំមកនូវ «ការងារ ជំនាញ និងចំណូល» ដល់ពលរដ្ឋខ្មែរ

ភ្នំពេញ៖ការចូលមករបស់វិនិយោគិនជប៉ុន មិនត្រឹមតែជាការនាំយកទុនមកបណ្តាក់ទុននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការនាំមកនូវ «ការងារ ជំនាញ និងចំណូល»ដោយផ្ទាល់ដល់ប្រជាពលរដ្ឋខ្មែរ ហើយថែមទាំងជាមេដែកក្នុងការស្រូបទាញអ្នកវិនិយោគបរទេស​ផ្សេងទៀតផងដែរ។ នេះជាការវាយតម្លៃខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន​ដែលមានអាយុកាលជាង ១០០ឆ្នាំ កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបនាវិមានរដ្ឋសភាសម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន TOKO Electrical Construction Co., Ltd. ដែលមានបំណងបោះទុនលើវិស័យថាមពល និងអគ្គិសនីនៅកម្ពុជា។

លោក ខេនហ្គោ អ៊ីឈីណូគី (KENGO ICHINOKI)ប្រធានផ្នែកក្រៅប្រទេសនៃក្រុមហ៊ុន TOKO បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ក្រុមហ៊ុននេះមានបទពិសោធន៍ជាង ១សតវត្សរ៍មកហើយ និងកំពុងប្រតិបត្តិការនៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺមុននឹងបើកប្រតិបត្តិការពេញលេញ ពេលនេះក្រុមហ៊ុនកំពុងចាប់ផ្តើមបណ្តុះបណ្តាលធនធានមនុស្សខ្មែរ​ជា​បណ្តើរៗ ដើម្បីត្រៀមស្រូបយកបច្ចេកវិទ្យា និងចូលបម្រើការងារក្នុងក្រុមហ៊ុនផ្ទាល់តែម្តង។

ឆ្លើយតបនឹងការតាំងចិត្តនេះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួនដើម្បីឱ្យគម្រោងនេះ​ទទួល​បាន​ជោគជ័យ ដោយរដ្ឋសភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយគាំទ្រ។ សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺឈរ​លើភាពស្មោះត្រង់ ជឿជាក់ និងផ្តល់តម្លៃឱ្យគ្នា ហើយប្រជាពលរដ្ឋខ្មែរ តែងតែគាំទ្រយ៉ាងមុតមាំចំពោះគុណភាពផលិតផលជប៉ុន។

ភាពជោគជ័យរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជា ជារឿងដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ តាមរយៈវត្តមានក្រុមហ៊ុនយក្សដូចជា Minebea, AEON និង Toyota ដែលកំពុងពង្រីកសកម្មភាពធុរកិច្ចរបស់ខ្លួនជាបន្តបន្ទាប់។

សក្តានុពលនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈតួលេខពាណិជ្ជកម្មផងដែរ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រឹមរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បានសម្រេចដល់ ជិត ១,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានរហូតដល់ ១,១៦ ពាន់លានដុល្លារ ដែលធ្វើឱ្យជប៉ុនក្លាយជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពល និងមិនអាចខ្វះបានសម្រាប់កម្ពុជា ៕
ដោយ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner