៩ខែដើមឆ្នាំ២០២៦៖ ពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍ ប.ស.ស. ខណៈប្រព័ន្ធឌីជីថលថ្មីជួយសម្រួលការប្រើប្រាស់កាន់តែងាយស្រួល
ប្រជាពលរដ្ឋខ្មែរជាង ៥៦ម៉ឺននាក់ ក្នុងនោះជិត ៣០ម៉ឺននាក់ជាស្ត្រី ទទួលបានអត្ថប្រយោជន៍គាំពារសង្គមដោយផ្ទាល់ពី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២៦នេះ។ កើនឡើងនូវចំនួនសមាជិកនេះ មិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជោគជ័យនៃការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់ ប.ស.ស. ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កើនឡើងនៃការចុះបញ្ជីសមាជិក ប.ស.ស. ជាបន្តបន្ទាប់ គឺជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ និងជួយកាត់បន្ថយការចំណាយលើសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើន។
ឯកឧត្តមបន្តថា ដើម្បីឆ្លើយតបនឹងកំណើននេះ បេឡាជាតិសន្តិសុខសង្គម បាននិងកំពុងពង្រឹងគុណភាពសេវា និងពង្រីកភាពងាយស្រួលជូនសមាជិក តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យាព័ត៌មានយ៉ាងសកម្ម។ ក្នុងនោះ រួមមានការដាក់ឱ្យប្រើប្រាស់នូវ កម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF App), គេហទំព័រផ្លូវការ និងម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ដែលអនុញ្ញាតឱ្យសមាជិកអាចផ្ទៀងផ្ទាត់ព័ត៌មាន និងទទួល បានអត្ថប្រយោជន៍សន្តិសុខសង្គមតាមប្រព័ន្ធអនឡាញបានយ៉ាងឆាប់រហ័ស និងមានទំនុកចិត្តខ្ពស់។
សូមបញ្ជាក់ថា បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាប្រតិបត្តិកររដ្ឋតែមួយគត់ដែលទទួលបន្ទុកប្រតិបត្តិការរបបសន្តិសុខសង្គមលើ ៣ផ្នែកសំខាន់ៗ រួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលជាខែលការពារដ៏រឹងមាំក្នុងការធានាសុវត្ថិភាពហិរញ្ញវត្ថុ និងសុខុមាលភាពជូនកម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ៕
ដោយ៖ ង៉ាន់ ទិត្យ



