តួកគីយ៉េ ប្តេជ្ញាជំរុញផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

អង់ការ៉ា ៖ ប្រធានាធិបតីតួកគីយ៉េ លោក Recep Tayyip Erdogan កាលពីថ្ងៃ ព្រហស្បតិ៍ បានប្រកាសពីការប្តេជ្ញាចិត្ត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ឈានឆ្ពោះទៅរកដំណោះស្រាយបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ។

ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងនេះ លោកប្រធានាធិបតី Erdogan បានបង្ហើបពីគោលបំណងចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បន្ទាប់ពីបានជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងពេលថ្មីៗនេះ ។

លោកប្រធានាធិបតី Erdogan បានប្រាប់អ្នកសារព័ត៌មាន នៅពេលត្រឡប់មកពីកូរ៉េខាងត្បូងថា តួកគីយ៉េកំពុងធ្វើអ្វីៗតាមដែលអាចធ្វើទៅបាន ដើម្បីបើកផ្លូវឆ្ពោះទៅរកសន្តិភាព ក៏ដូចជាប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងនេះ សំដៅបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យខានតែបាន ។

មេដឹកនាំតួកគីយ៉េរូបនេះ បានអះអាងថា បន្ទាប់ពីបានពិភាក្សាជាមួយលោកប្រធានាធិបតី Zelensky ឥឡូវនេះ លោកចង់បន្តពិភាក្សាជាមួយលោកប្រធានាធិបតី Putin វិញម្តង ។

លោកបន្ថែមថា មន្ត្រីតួកគីយ៉េ ជាពិសេសរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក Hakan Fidan នឹងបន្តពិភាក្សាជាមួយមន្រ្តីរុស្ស៊ី ព្រមទាំងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដើម្បីរៀបចំលទ្ធភាពនៃកិច្ចចរចានេះនាពេលខាងមុខ ។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov, បច្ចុប្បន្នមិនទាន់មានផែនការជាក់លាក់សម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងលោក Putin និងលោក Erdogan នៅឡើយទេ ប៉ុន្តែការសន្ទនានេះអាចត្រូវបានរៀបចំឡើងក្នុងរយៈពេលខ្លី ប្រសិនបើមានតម្រូវការ ។

មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងគូសត្រូវស៊ីសាច់ហុតឈាមទាំងពីរ គឺរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពុំទាន់មានសញ្ញារលត់ទៅវិញ ឬក៏លទ្ធផលចាញ់ឈ្នះនៅឡើយទេ ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner