អាមេរិក ចាយលុយ ៧៨០ លានដុល្លារ លើយន្តហោះដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូនបញ្ជូនឱ្យកងទ័ពនៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ ឆ្នាំនេះ អាមេរិកបានចំណាយលុយរហូតដល់ ៧៨២ លានដុល្លារ លើយន្តហោះដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូនប្រមាណ ២៥,០០០ គ្រឿង ដើម្បីបញ្ជូនទៅឱ្យបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។ នេះបើតាម Anadolu ចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ។

យន្តហោះដ្រូន និងបច្ចេកវិទ្យាប្រឆាំងដ្រូនទាំងនោះ មានដូចជា យន្តហោះដ្រូនប្រភេទប្រយុទ្ធចំនួនជាង ១,៣០០ គ្រឿង យន្តហោះដ្រូនសម្រាប់ប្រតិបត្តិការលើផ្ទៃទឹក និងក្រោមទឹកជាង ១០០ គ្រឿង និងប្រព័ន្ធប្រឆាំងយន្តហោះដ្រូនជាង ២៤,០០០ គ្រឿង ។

ការផ្គត់ផ្គង់ប្រព័ន្ធអាវុធទាំងនេះ ធ្វើឡើងមានគោលបំណងការពារកងកម្លាំងអាមេរិក ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់សត្រូវ ហើយពួកវាត្រូវបានបញ្ជូនតាមរយៈការិយាល័យគ្រប់គ្រងគម្រោងសម្រាប់ប្រព័ន្ធគ្មានមនុស្សបើក (DRPM-UxS) ខណៈដែលប្រតិបត្តិការប្រឆាំងនឹងយន្តហោះដ្រូន ទទួលបានការគាំទ្រពីកងកម្លាំងចម្រុះអន្តរស្ថាប័ន ៤០១ ។

បើតាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ, គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឆ្ពោះទៅរកការលទ្ធកម្មផ្នែកការពារជាតិឱ្យកាន់តែឆាប់រហ័ស និងការផលិតប្រព័ន្ធគ្មានមនុស្សបើកក្នុងបរិមាណច្រើនក្នុងតម្លៃសមរម្យ ដែលផ្តល់ឱ្យមេបញ្ជាការនូវសមត្ថភាពប្រតិបត្តិការបន្ថែម ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើអាវុធបែបប្រពៃណីដែលមានតម្លៃថ្លៃ ។

កិច្ចខិតខំប្រឹងប្រែងនេះទៀតសោត ក៏គាំទ្រដល់ផែនការបង្កើតបញ្ជាការសង្គ្រាមស្វយ័ត (AUTOWARCOM) ដែលជាបញ្ជាការប្រយុទ្ធផ្កាយបួន ហើយត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៧ ។

លើសពីនេះ មន្ទីរបញ្ចកោណក៏នឹងបន្តបញ្ជូនសម្ភារៈយោធាទៅកាន់បញ្ជាការដ្ឋានកណ្តាលអាមេរិក ជាពិសេសពង្រីកការដាក់ពង្រាយប្រព័ន្ធគ្មានមនុស្សបើក និងប្រព័ន្ធស្វ័យប្រវត្តិដល់កងកម្លាំងអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អឺរ៉ុប និងនៅទូទាំងកងកម្លាំងចម្រុះ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner