រោងចក្រអគ្គិសនីឧស្ម័នធម្មជាតិរាវ តម្លៃជាង ១០០០លានដុល្លារនៅកោះកុង ត្រៀមដំណើរការចុងឆ្នាំនេះ
ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបោះទុនជាង ១ពាន់លានដុល្លារ សាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ នៅកោះកុង ដើម្បីពង្រឹងសន្តិសុខថាមពល និងជំរុញឧស្សាហូបនីយកម្មនៅកម្ពុជា ត្រៀមដំណើរការចុងឆ្នាំនេះ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសម្រេចវិនិយោគទឹកប្រាក់ជាង ១ពាន់លានដុល្លារអាម៉េរិក លើគម្រោងសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរាវ (LNG) មានអានុភាព ៩០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង ដើម្បីរួមចំណែកប្រែក្លាយកម្ពុជាទៅជាគោលដៅឧស្សាហកម្ម និងវិនិយោគដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។
អ្នកឧកញ៉ា គិត ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានគូសបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតអគ្គិសនីនេះ មានសារៈសំខាន់លើសពីការផលិតថាមពលអគ្គិសនីទៅទៀត ដោយវាបានចូលរួមចំណែកពង្រឹងសន្តិសុខថាមពលរបស់កម្ពុជា ពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងសេដ្ឋកិច្ចមួយ ដែលមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង និងភាពម្ចាស់ការលើខ្លួនឯង។
អ្នកឧកញ៉ាបានលើកឡើងទៀតថា មហិច្ឆតារបស់ប្រទេសជាតិក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មអាចសម្រេចបាន គឺអាស្រ័យលើភាពរឹងមាំនៃហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការអភិវឌ្ឍនោះ។ ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងអាចទុកចិត្តបាន គឺជាកត្តាដ៏ចាំបាច់ក្នុងការទាក់ទាញការវិនិយោគ ពង្រីកសកម្មភាពផលិតកម្ម បង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។
តាមរយៈគម្រោងនេះ ក្រុមហ៊ុនគ្រោងដាក់ឱ្យដំណើរការផលិត និងផ្គត់ផ្គង់ថាមពលដំណាក់កាលទីមួយ មានអានុភាព ៤៥០មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៦ និងដំណាក់កាលទីពីរ មានអានុភាព ៤៥០មេហ្កាវ៉ាត់ នៅឆ្នាំ២០២៧។
ទន្ទឹមនឹងគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកបុទុមសាគរ អ្នកឧកញ៉ា គិត ម៉េង មានចក្ខុវិស័យចង់ឃើញខេត្តកោះកុង ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏រីកចម្រើនមួយ ដែលអាចទាក់ទាញវិនិយោគិនអន្តរជាតិ ពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ប្រជាជន។
បើតាមអ្នកឧកញ៉ា គិត ម៉េង ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុតាកំពុងបោះជំហានឆ្ពោះទៅរកសេដ្ឋកិច្ចធន់ និងមានការប្រកួតប្រជែងខ្ពស់ ខណៈ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការចូលរួមចំណែកកសាងមរតកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ៕ ទួន សុផល




