សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមូលធនមនុស្សប្រកបដោយចីរភាព
ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគលើអាហារូបត្ថម្ភ គឺជាកាតាលីករដ៏សំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្ស ពង្រឹងសុខុមាលភាព និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពធន់ប្រកបដោយចីរភាព។
រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពខ្ពស់បំផុត ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។ នេះជាការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងសារអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»។
សម្តេចបវរធិបតី បានសម្តែងការគាំទ្រ និងកោតសរសើរដល់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសុខុមាលភាពប្រជាជន។ សម្តេចបានកត់សម្គាល់ថា រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ស្ថានភាពអាហារូបត្ថម្ភនៅកម្ពុជាមានការរីកចម្រើន ដោយអត្រាភាពក្រិសក្រិនរបស់កុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០ភាគរយ មកត្រឹម ២២ភាគរយ រីឯអត្រាស្គមស្គាំងបានធ្លាក់ចុះពី ១៧ភាគរយ មកត្រឹម ៩,៦ភាគរយ និងកុមារមិនគ្រប់ទម្ងន់ធ្លាក់ចុះពី ៣៩ភាគរយ មកត្រឹម ១៦ភាគរយ។
ប៉ុន្តែ ទោះបីជាមានវឌ្ឍនភាពបែបនេះក្តី កម្ពុជានៅតែបន្តប្រឈមនឹងបញ្ហាដូចជា កង្វះមីក្រូសារជាតិ ភាពស្លេកស្លាំង ភាពធាត់ជ្រុល និងជំងឺមិនឆ្លង ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្តទៀត។ ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងមានសុវត្ថិភាពនៅត្រឹមឆ្នាំ២០៣០ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការណែនាំ និងវិធានការយុទ្ធសាស្ត្រសំខាន់ៗដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបន្តពង្រឹងការងារដឹកនាំសម្របសម្រួលលើប្រព័ន្ធស្បៀង ពង្រីកសេវាថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកល។
ស្របពេលជាមួយគ្នានេះ ក្រសួងកសិកម្ម ត្រូវជំរុញខ្សែច្រវាក់ផលិតកម្មកសិកម្មប្រកបដោយចីរភាព ក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ខណៈក្រសួងអប់រំត្រូវបង្កើនការអប់រំអាហារូបត្ថម្ភ និងគ្រប់គ្រងចំណីអាហារក្នុងគ្រឹះស្ថានសិក្សា។ ចំណែកក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ខណៈស្ថាប័នសង្គមកិច្ច ការងារ បរិស្ថាន និងព័ត៌មាន ត្រូវសហការគ្នាចុះអន្តរាគមន៍លើកម្ពស់ជីវភាព សុខភាពកម្មករនិយោជិត និងផ្សព្វផ្សាយអប់រំពីរបបអាហារសុខភាពដល់សាធារណជនទូទៅ។
ការងារទាំងនេះអាចសម្រេចជោគជ័យបានក៏ទាមទារការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប មាតាបិតា និងវិស័យឯកជន ក្នុងការយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ ក្រោមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត» ដើម្បីកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងសង្គមជាតិមួយដ៏រឹងមាំសម្រាប់មនុស្សជំនាន់ក្រោយ៕ ទួន សុផល

