ស្ត្រីទី១អាមេរិក ជំរុញឱ្យមានបទឈប់បាញ់​​អ៊ុយក្រែនយូរអង្វែង

វ៉ាស៊ីនតោន ៖ ស្ត្រីទី១អាមេរិក លោកស្រី Melania Trump អំពាវនាវឱ្យមានបទឈប់បាញ់ថ្មីមួយ នៅអ៊ុយក្រែន ដែលមានភាពយូរអង្វែងជាងមុន ​ខណៈដែលលោកស្រីបានទទួលស្វាគមន៍មន្ត្រីមកពីប្រទេសដែលកំពុងរងគ្រោះ ដោយសារសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន​ នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍។

ការអំពាវនាវនេះ បានធ្វើឡើង ក្រោយពេលភរិយារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ រូបនេះ ​បានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រយៈពេល ៦ ថ្ងៃ នៅក្នុងទីក្រុង Oleshky ដែលស្ថិតក្រោមការកាន់កាប់របស់រុស្ស៊ី ហើយបទឈប់បាញ់នេះបានបញ្ចប់ទៅ នៅថ្ងៃអាទិត្យ។

លោកស្រី Melania Trump បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមមួយ ជាមួយលោក Kirill Dmitriev បេសកជនរបស់ប្រធានាធិបតីរុស្ស៊ី និងលោក David Arakhamia អ្នកចរចាបទឈប់បាញ់របស់អ៊ុយក្រែនថា​ «ខ្ញុំសង្ឃឹម​ ករណីនៅ Oleshky នឹងជំរុញឱ្យមានសន្តិភាពកាន់តែធំធេង។ រាល់ការផ្លាស់ប្តូរដ៏សំខាន់ សុទ្ធតែចាប់ផ្តើមពីចំណុចតូចមួយ»។

លោកស្រី Melania Trump បានបន្ថែមថា​ «ឥឡូវនេះ យើងត្រូវប្រើប្រាស់ភាពក្លាហានដែលយើងបានបង្ហាញនៅ Oleshky ដើម្បីស្វែងរកចំណុចរួមមួយ តាមរយៈការព្រួយបារម្ភដូចគ្នាចំពោះទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។ រួមគ្នា យើងអាចបង្កើតអ្វីមួយដែលមានភាពយូរអង្វែងជាងបទឈប់បាញ់ជាបណ្តោះអាសន្ន»។

ជាការកត់សម្គាល់ ​លោក Dmytro Lubinets មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សរបស់អ៊ុយក្រែន បានប្រគល់ពានរង្វាន់ថ្នាក់ជាតិជូនលោកស្រី Melania Trump សម្រាប់តួនាទីរបស់លោកស្រីក្នុងការសម្របសម្រួលបទឈប់បាញ់ នៅ Oleshky ដែលបានអនុញ្ញាតឱ្យមានការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់នោះ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner