អ្នកនាំពាក្យ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងឱកាសទទួលជំនួបសម្តែងការគួរសមពីឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ក្រៅពីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ។ សម្តេចធិបតី បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តនិងជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យបន្តថា កម្ពុជាក៏បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួននៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នានិងការជឿទុកចិត្តទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ការគូសបញ្ជាក់បែបនេះបានធ្វើឡើងតាមរយៈបទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ក្រោមមូលបទ «ពង្រឹងការកសាងសហគមន៍វាសនារួម៖ ការចាប់ផ្តើមជំពូកថ្មីសម្រាប់ មេគង្គ-ឡានឆាង២.០»ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនក៏បានអញ្ជើញសមភាគីកម្ពុជានិងថៃចូលរួមកិច្ចសន្ទនាពិសាតែជាមួយគ្នា ដោយភាគីទាំងបីបានផ្លាស់ប្តូរទស្សនៈប្រកបដោយស្ថាបនា និងមិត្តភាព អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជានិងថៃ។ ដោយឡែក ក្នុងជំនួបទ្វេភាគីរវាងប្រមុខការទូតកម្ពុជា-ចិន ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួមទៅវិញទៅមក ក៏ដូចជាការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។

អ្នកនាំពាក្យបន្តទៀតថា ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក៏ជាកិច្ចការដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលរៀបចំធ្វើយ៉ាងសកម្ម និងឥតដាច់។ ជាក់ស្តែង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT-KH)បានបន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលបានរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កងទ័ពអាកាសរបស់ថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យដាច់ទាំងស្រុង និងមិនអាចចរាចរណ៍ទៅមកបានឡើយ។ ស្ពាននេះ គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។

ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាក៏បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅតំបន់ច១ ដែលនៅទីនោះ យោធាថៃបានរំកិលប៉ុស្តិ៍សង្កេតការណ៍ និងបន្តជីកលេណដ្ឋានរុលទៅមុខប្រមាណ២០ម៉ែត្រពីទីតាំងចាស់។ ក្រុមអ្នកសង្កេតការណ៍ ក៏បានពិនិត្យមើលការគោរព និងអនុវត្តវិធានការទាំងអស់ដែលមានក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នៅថ្ងៃដដែល ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាក៏បានចុះទៅតំបន់ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយោធាថៃ បានវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រចំនួន៥២គ្រឿង ដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ សកម្មភាពនេះ បានធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ នៅទីនោះ កងកម្លាំងថៃក៏បានសាងសង់បង្គោលទង់ជាតិថ្មីចំនួន០២ បន្តសាងសង់ផ្លូវ និងកែលម្អលេណដ្ឋានថ្មី ព្រមទាំងបានជីកប្រឡាយឱ្យកាន់តែជ្រៅថែមទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

ads banner