កម្ពុជា ត្រៀមបង្ហាញមរតកវប្បធម៌ដ៏សម្បូរបែបទៅកាន់ពិភពលោក ក្នុងព្រឹត្តិការណ៍ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញមរតកវប្បធម៌ សិល្បៈ និងសិប្បកម្មបុរាណខ្មែរទៅកាន់គណៈប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ហើយដែលនឹងមកទស្សនាភូមិវប្បធម៌ហ្វ្រង់កូហ្វូនី។ភូមិហ្រ្វង់កូហ្វូនី ត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់នៅទីធ្លាសួនច្បារខាងមុខវត្តបុទមវត្តី។
ឯកឧត្តម ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រសួងបានត្រៀមលក្ខណៈរួចរាល់ដើម្បីចូលរួមក្នុង«ភូមិវប្បធម៌ហ្វ្រង់កូហ្វូនី»ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។បើតាមអ្នកនាំពាក្យ ,ក្រសួងនឹងសហការជាមួយបណ្តាប្រទេសនានា ដើម្បីរៀបចំឱ្យមានការប្រគំតន្ត្រីបុរាណ និងសម័យ ការសម្តែងសិល្បៈកម្សាន្តគ្រប់ទម្រង់ ការបង្ហាញសម្លៀកបំពាក់ប្រពៃណី ការតាំងពិព័រណ៍សិប្បកម្មបុរាណ និងការបង្ហាញម្ហូបអាហារខ្មែរជាដើម។
ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូមកពីបណ្តាប្រទេសជាង ៩០ គឺជាមោទនភាពដ៏ធំធេងរបស់កម្ពុជា។ សម្រាប់វិស័យវប្បធម៌ ព្រឹត្តិការណ៍នេះគឺជាឱកាសមាសក្នុងការបង្ហាញពិភពលោកអំពីអរិយធម៌ដ៏ចំណាស់ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងចែករំលែកបទពិសោធន៍លើការអភិរក្ស ការអភិវឌ្ឍ និងការច្នៃប្រឌិតផ្នែកវប្បធម៌។
មន្រ្តីជាន់ខ្ពស់រូបនេះបានឱ្យដឹងទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតបារាំង រៀបចំពិធីបិទការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ និងឯកឧត្តមប្រធានាធិបតីបារាំង។ការបិទការដ្ឋាននេះ ធ្វើឡើងបន្ទាប់ពីគម្រោងជួសជុល និងលើកតម្លៃប្រាសាទត្រូវបានអនុវត្តដោយជោគជ័យអស់រយៈពេល ១៤ឆ្នាំ ដោយកិច្ចសហការរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ តាមរយៈអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំង ហើយប្រាសាទបុរាណនេះនឹងបើកឱ្យសាធារណជនចូលទស្សនាភ្លាមៗបន្ទាប់ពីពិធីសម្ពោធ។
លោកបណ្ឌិត ឥន សុផល សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា កម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីនេះ ជាពិសេសលើវិស័យទេសចរណ៍ និងវប្បធម៌ តាមរយៈការផ្សព្វផ្សាយបេតិកភណ្ឌ សិល្បៈ ម្ហូបអាហារ និងតំបន់ទេសចរណ៍ជាតិ។ លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះនឹងផ្តល់ផលវិជ្ជមានដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ សិល្បករ សិប្បករ និងសហគមន៍មូលដ្ឋាន ហើយក៏ បង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កម្រិតអន្តរជាតិ ដែលជួយបង្កើនរូបភាពវិជ្ជមាន និងភាពកក់ក្តៅរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា។ ចំណែកព្រឹត្តិការណ៍«ភូមិហ្វ្រង់កូហ្វូនី» ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦៕
ដោយ៖ទួន សុផល


