មន្រ្តីកសិកម្មឃុំ-សង្កាត់ចាប់ផ្ដើមណែនាំបច្ចេកទេសជូនកសិករធ្វើស្រែប្រាំងធន់នឹងអាកាសធាតុ

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្ដាញព័ត៌​មាន AMS ថា មន្រ្តីកសិកម្មឃុំ-សង្កាត់របស់ក្រសួងកសិកម្ម បាននិងកំពុងចុះផ្សព្វផ្សាយអប់រំណែនាំអំពីបច្ចេកទេសដាំដុះនៅក្នុងរដូវប្រាំងជូនកសិករ ជាពិសេសបច្ចេកទេសធ្វើស្រែប្រាំង និងដាំបន្លែដើម្បីឲ្យធន់ទៅនឹងអាកាសធាតុ។

រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា គ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅដោយសារបាតុភូតអែលនីញ៉ូនេះ ធ្វើឲ្យមានការព្រួយបារម្ភចំពោះការធ្វើស្រូវប្រាំងរបស់ប្រជាកសិករ។ ដូច្នេះការចុះណែនាំ និងបង្ហាត់បង្ហាញពីបច្ចេកទេសពីមន្រ្តីកសិកម្មឃុំ-សង្កាត់ គឺជារឿងចាំបាច់បំផុតសម្រាប់កសិរករធ្វើស្រែប្រាំង ដូចជា ការណែនាំពីបច្ចេកទេសប្រើប្រាស់ទឹក និងប្រើប្រាស់ជីធម្មជាតិដែលជួយឲ្យបន្តមានសំណើម និងផ្ដល់ជីជាតិដល់ស្រូវជាដើម។

ប៉ុន្តែយ៉ាងណា ឯកឧត្តម យ៉ង សាំងកុមារ អះអាងថា ការណែនាំអំពីបច្ចេកទេសក្នុងការដាំធ្វើស្រែប្រាំងអំពីរបៀបថ្មីដែលធន់នឹងអាកាធាតុនេះ កសិករដែលទទួលយក និងធ្វើតាមនៅមានកម្រិតតិចតួចនៅឡើយ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសកាលពីពេលថ្មីៗនេះថា បាតុភូតអែលនីញ៉ូ (El Nino) អាចបន្តមានឥទ្ធិពលលើកម្ពុជារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ បញ្ហានេះ ក្រសួងបានអំពាវនាវឱ្យថែរក្សាប្រភព​ទឹក សន្សំសំចៃទឹក និងផ្តល់អាទិភាពទី១ សម្រាប់ប្រើប្រាស់ ធ្វើស្រែប្រាំង និងការដាំដុះ។

បើតាមរដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម យ៉ង សាំងកុមារ ប្រជាកសិករដែលធ្វើស្រែប្រាំងច្រើនជាងគេមាននៅខេត្តព្រៃវែង តាកែវ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ កំពង់ចាមជាដើម។

គិតត្រឹមខែតុលា ឆ្នាំ២០២៦ ដើម្បីគាំទ្រប្រជាកសិករដល់មូលដ្ឋានផ្ទាល់ រាជរដ្ឋាភិបាលបានដាក់ពង្រាយមន្ត្រីឃុំ/សង្កាត់ចំនួន ១ ៦០០នាក់ ស្មើនឹង ៩១% នៃឃុំ/សង្កាត់ទូទាំងប្រទេស។ មានកសិករចំនួន ជាង ៣១ម៉ឺនគ្រួសារ បានទទួលការផ្ទេរបច្ចេកទេសពីមន្ត្រីកសិកម្មឃុំ/សង្កាត់ និងជាង ១ម៉ឺន ១ពាន់គ្រួ​សារ បានទទួលការតភ្ជាប់លក់កសិផលសំខាន់ៗ៕

សេង បារាំង AMS

ads banner