ក្រោយជួសជុលអស់រយៈពេល៨ឆ្នាំ ស្រះខាងជើងអង្គរវត្តបើកទទួលភ្ញៀវទេសចរឡើងវិញ
ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត ដែលជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលថតរូបអនុស្សាវរីយ៍ និងទស្សនាថ្ងៃរះ ត្រូវបានអាជ្ញាធរជាតិអប្សរាបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦តទៅ បន្ទាប់ពីបញ្ចប់ការជួសជុលអស់រយៈពេល ៨ឆ្នាំ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្រះទឹកខាងជើងរបស់ប្រាសាទអង្គរវត្តត្រូវបានបញ្ចប់ការងារជួសជុលកាលពីចុងខែតុលា ឆ្នាំ២០២៦។ ការបើកឱ្យភ្ញៀវទេសចរចូលទស្សនានេះ គឺស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅសប្តាហ៍ក្រោយខាងមុខនេះ។
លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលជាអ្នកគ្រប់គ្រងគម្រោងជួសជុល បានបញ្ជាក់ថា ស្ថានភាពមុនពេលជួសជុល គឺមានការខូចខាតយ៉ាងខ្លាំងដោយសារកត្តាអាយុកាល និងកត្តាអាកាសធាតុ។ បញ្ហាទាំងនេះធ្វើឱ្យផ្ទៃបាតស្រះគោករាក់ដោយសារកំណកដី រីឯគ្រឹះកាំជណ្ដើរដែលធ្វើពីថ្មបាយក្រៀមជាច្រើន ត្រូវពុកផុយ ហើយកាំជណ្ដើរដែលធ្វើពីថ្មភក់ជាច្រើនក៏បានឃ្លាតចេញពីគ្នា ដោយថ្មខ្លះ ក៏បានពុកផុយដែរ។
លោកស្រីបានបញ្ជាក់ថា កាលពីមុន នៅរដូវប្រាំង ស្រះទឹកខាងជើងប្រាសាទអង្គរវត្ត មិនមានទឹកគ្រប់គ្រាន់សម្រាប់ឱ្យភ្ញៀវទេសចរថតរូបចាំងឆ្លុះស្រមោលកំពូលប្រាសាទនោះទេ។ ប៉ុន្តែក្រោយការជួសជុលរួច ស្រះទឹកនេះនឹងមានទឹកពេញមួយឆ្នាំ ទាំងរដូវប្រាំង និងរដូវវស្សា ដើម្បីឱ្យភ្ញៀវទេសចរអាចថតរូបទេសភាពប្រាសាទអង្គរវត្តចាំងឆ្លុះលើផ្ទៃទឹកបានយ៉ាងស្រស់ស្អាតគ្រប់រដូវកាល។
អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមេត្តាជួយសម្អាត កុំបោះចោលសំរាម និងជួយថែរក្សាសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នាជួយថែរក្សាទេសភាព និងសោភ័ណភាពទីនេះឱ្យនៅតែស្រស់ស្អាតជានិច្ច។
ស្រះនេះមានប្រវែង ៧៦ ម៉ែត្រ និងទទឹង ៤៨,៥ ម៉ែត្រ ដោយមានជម្រៅចន្លោះពី ២,៧ ទៅ ២,៩ ម៉ែត្រ និងមានជណ្តើរនៅតាមមាត់ស្រះដែលសាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម។
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលស្រះទឹកខាងជើងប្រាសាទអង្គរវត្តនេះតាំងពីឆ្នាំ២០១៨។ ស្រះនេះធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ម្តងហើយ ដោយបុរាណវិទូបារាំង ហង់រី ម៉ាកហ្សាល់ បានកែលម្អ និងលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ។
ក្នុងរយៈពេល៩ខែឆ្នាំ២០២៦ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរបរទេសសរុបចំនួនជាង៥១ម៉ឺននាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប៕
សៅ សុខអេង



