ហ្វីលីពីនបង្កើនការទិញអង្ករ និងពង្រឹងកិច្ចសហការលើវិស័យអាទិភាពជាមួយកម្ពុជា

ហ្វីលីពីន និងកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយគ្នាលើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ការអះអាងរបស់ភាគីទាំងពីរនេះ បានធ្វើឡើងក្នុងឱកាសជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងការគាំទ្រដល់ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។

ភាគីទាំងពីរក៏បានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ ស្របពេលទៅនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងការគាំទ្ររបស់កម្ពុជាចំពោះការធ្វើជាប្រធានអាស៊ានរបស់ហ្វីលីពីន ក្នុងឆ្នាំ២០២៦ ផងដែរ។

ប្រទេសហ្វីលីពីន ដែលជាទីផ្សារនាំចូលអង្ករធំជាងគេបំផុតលើពិភពលោក បានបង្កើនបញ្ជាការទិញអង្ករពីកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់របស់ខ្លួន ដែលធ្វើឲ្យហ្វីលីពីន ក្លាយជាទីផ្សារធំបំផុតរបស់កម្ពុជា ក្នុងចំណោមប្រទេសសមាជិកអាស៊ាន។

សម្រាប់កម្ពុជា ការនាំចេញអង្ករជំនួសឱ្យស្រូវអនុញ្ញាតឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុករក្សាទុក ចំណែក​នៃតម្លៃបន្ថែមបានកាន់តែច្រើន។ ជាមួយការបញ្ជាទិញក្នុងបរិមាណច្រើនពីហ្វីលីពីន ការដឹកជញ្ជូនតាម​មធ្យោបាយថ្មីក៏បានជួយកាត់បន្ថយរយៈពេល និងការចំណាយផងដែរ បើធៀបនឹងការដឹកជញ្ជូនតាមកុងតឺន័រពីមុនមក។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរយៈពេល ៨ ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីន បានចំនួនជាង ១២ម៉ឺន២ពាន់តោន ស្មើនឹងជាង ១៥ភាគរយ នៃបរិមាណនាំចេញអង្ករសរុប ហើយជាការកើនឡើងជាង ៣៤ ដងធៀប ទៅនឹងការនាំចេញពេញមួយឆ្នាំ២០២៥៕

ខន ណារី AMS

ads banner