កូរ៉េខាងជើង ព្រមាន អឺរ៉ុប កុំចេះដឹងរឿងផ្ទៃក្នុងប្រទេសដទៃ គួររិះរកវិធីទប់កម្សួលបាតុកម្មពេញទ្វីបខ្លួនវិញល្អជាង

ព្យុងយ៉ាង ៖ កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសព្រមានទៅដល់សហភាពអឺរ៉ុបកុំឲ្យចេះដឹងរឿងផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយគួរតែយកពេលវេលារិះរក វិធីសាស្ត្រទប់ទល់នឹងកម្សួលបាតុកម្មប្រកបដោយហិង្សា កក្រើកពាសពេញទ្វីបរបស់ខ្លួនវិញល្អជាង ។

បេសកកម្មរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិនិយាយថា អឺរ៉ុបទើបតែបានចេញសេចក្តីព្រាងមួយដែលបង្ខូចការពិតយ៉ាងច្បាស់ក្រឡែតអំពីគោលនយោបាយ និងស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែអឺរ៉ុបមិនបានមើលខ្លួនឯងនោះទេថា កំពុងកើតមានបាតុកម្ម និងការរំលោភសិទ្ធិមនុស្សនៅក្នុងទ្វីបរបស់ខ្លួន ។

បើតាម Euronews, តាមដងផ្លូវនៅក្នុងទីក្រុងនានាទូទាំងទ្វីបអឺរ៉ុប ចាប់ពីទីក្រុងប៉ារីស រហូតដល់ទីក្រុងព្រុចសែល ដែលជាទីស្នាក់ការកណ្តាលរបស់អឺរ៉ុប ពោរពេញទៅដោយក្រុមអ្នកតវ៉ាមកពីគ្រប់មជ្ឈដ្ឋាន ដែលទាមទារសិទ្ធិជាមូលដ្ឋាន ដូចជាសិទ្ធិក្នុងការរស់រានមានជីវិតជាដើម ។

បេសកកម្មរបស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិបញ្ជាក់ទៀតថា បន្ទាប់ពីកើតមានបញ្ហាទាំងប៉ុន្មាននេះ សហភាពអឺរ៉ុបគួរតែយកចិត្តទុកដាក់លើកិច្ចការផ្ទៃក្នុងរបស់ខ្លួនវិញ ជាជាងការបំផ្លើសអំពី បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ។

ការព្រមានរបស់ទីក្រុងព្យុងយ៉ាង បានធ្វើឡើង បន្ទាប់ពី សហភាពអឺរ៉ុប បានចេញផ្សាយ សេចក្តីព្រាងសម្រេចមួយ ដែលលើកឡើងអំពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង ។

សេចក្តីព្រាងសម្រេចនេះ គ្រោងនឹងត្រូវអនុម័តដោយគណៈកម្មាធិការទីបី នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងខែវិច្ឆិកានេះ មុននឹងបញ្ជូនទៅកាន់មហាសន្និបាតពេញអង្គ ដើម្បីធ្វើការអនុម័តជាចុងក្រោយ។

ចាប់តាំងពីឆ្នាំ ២០០៥ មក, មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចថ្មីមួយ ជារៀងរាល់ឆ្នាំ ដើម្បីថ្កោលទោសចំពោះអ្វីដែលខ្លួនហៅថា ការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។

អង្គការសហប្រជាជាតិ និងភាគីផ្សេងៗ ចោទប្រកាន់កូរ៉េខាងជើងជាយូរមកហើយថា បានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមទាំងការបង្កើតជំរុំពន្ធនាគារ និងការដាក់កម្រិតយ៉ាងតឹងរ៉ឹងលើសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន ខណៈដែលគេដឹងតិចតួចបំផុតអំពីប្រព័ន្ធយុត្តិធម៌ របស់ប្រទេសមួយនេះ៕

ប្រភព ៖ Euronews, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner