ពលរដ្ឋអ៊ីរ៉ង់អបអរសាទរបក្សលោក ត្រាំ ចាញ់ឆ្នោត និងថា ពលរដ្ឋអាមេរិកមិនចង់ឃើញសង្គ្រាមជាមួយអ៊ីរ៉ង់
តេហេរ៉ង់ ៖ ពលរដ្ឋអ៊ីរ៉ង់រាប់ពាន់នាក់កាលពីថ្ងៃ ពុធ បាននាំគ្នាស្រែកហ៊ោកញ្ចៀវអបអរសាទរដែលគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump ចាញ់ឆ្នោត និងថា លទ្ធផលនេះបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិកមិនចង់ឃើញសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ ។
បើតាម Associated Press, ការអបអរសាទរនេះ ត្រូវបានធ្វើឡើងស្របពេលដែលពលរដ្ឋអ៊ីរ៉ង់យ៉ាងច្រើនកុះករ បានប្រមូលផ្តុំគ្នាដើរដង្ហែរនៅតាមដងផ្លូវនានានៃរដ្ឋធានីតេហេរ៉ង់ ដើម្បីប្រារព្ធខួបនៃព្រឹត្តិការណ៍ដណ្តើមកាន់កាប់ស្ថានទូតអាមេរិកកាលពីឆ្នាំ១៩៧៩ ដែលនេះជាដើមចងធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបែកបាក់យ៉ាងធ្ងន់ធ្ងរមកទល់សព្វថ្ងៃ ។
ដោយទប់កំហឹងមិនជាប់ ពលរដ្ឋអ៊ីរ៉ង់មួយចំនួនបាននាំគ្នាដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល ព្រមទាំងស្រែកថា “ស្លាប់ទៅអាមេរិក” និង “ស្លាប់ទៅអ៊ីស្រាអែល” នៅចំពោះមុខរូបសំណាកតំណាងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ។
ពលរដ្ឋអ៊ីរ៉ង់ម្នាក់ឈ្មោះ Hananeh Jahed បាននិយាយផ្លែផ្កាថា លោកប្រធានាធិបតី Trump បានធ្វើសកម្មភាពហួសហេតុក្នុងបញ្ហាជាច្រើន ហើយនេះជាមូលហេតុដែលនាំឱ្យគណបក្សរបស់គាត់ចាញ់ឆ្នោតយ៉ាងអាម៉ាស់ ។
បន្ថែមពីលើពាក្យសម្តីរបស់ពលរដ្ឋខ្លួន មេដឹកនាំអ៊ីរ៉ង់បានចាត់ទុកជ័យជម្នះរបស់បក្សប្រជាធិបតេយ្យ បានបង្ហាញពីការមិនពេញចិត្តរបស់អ្នកបោះឆ្នោតអាមេរិកចំពោះសង្គ្រាមរបស់លោក Trump ជាមួយអ៊ីរ៉ង់ ដែលនាំឱ្យកើនឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ ។
ជាក់ស្តែង ការស្ទង់មតិរបស់ Associated Press នៅថ្ងៃបោះឆ្នោត បានបង្ហាញថា ប្រមាណ ៦០ភាគរយ នៃអ្នកបោះឆ្នោត ពោលគឺ ៦ នាក់ ក្នុងចំណោម ១០ នាក់ បានឆ្លើយថា ការសម្រេចចិត្តប្រើប្រាស់កម្លាំងយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ គឺជាការសម្រេចចិត្តខុស ។
យ៉ាងណា ការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃទី៣ ខែវិច្ឆិកា បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យទទួលបានការគ្រប់គ្រងសភាទាំងពីររបស់អាមេរិក ដែលនេះជាការបរាជ័យផ្នែកនយោបាយដ៏ធំមួយ សម្រាប់ទាំងលោកប្រធានាធិបតី Trump និងគណបក្សសាធារណរដ្ឋទាំងមូល ៕
ប្រភព ៖ Associated Press ប្រែសម្រួល ៖ ឈឹម ទីណា