ចារកម្មក្រុងកៀវថា ១ខែ រុស្ស៊ី អាចផលិតមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវជាង ២០០ គ្រាប់ ទុកវាយ អ៊ុយក្រែន
កៀវ ៖ ប្រទេសរុស្ស៊ីមានសមត្ថភាពអាចផលិតមីស៊ីលផ្លោង និងមីស៊ីលនាំផ្លូវសរុបជាង ២០០ គ្រាប់ក្នុងមួយខែ ដើម្បីត្រៀមទុកវាយប្រហារប្រឆាំងនឹងប្រទេសអ៊ុយក្រែន ។ នេះបើតាមការទម្លាយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែន ហៅកាត់ HUR កាលពីថ្ងៃពុធ ។
ទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់យោធាអ៊ុយក្រែនបញ្ជាក់ថា សម្រាប់មីស៊ីលផ្លោង រុស្ស៊ីមានសមត្ថភាពផលិតមីស៊ីលផ្លោងដល់ទៅ ១១០ គ្រាប់ក្នុងមួយខែ ខណៈជិត ១០០ គ្រាប់ទៀតជាប្រភេទមីស៊ីលនាំផ្លូវ ។
ក្រៅពីមីស៊ីលទាំងនេះ បច្ចុប្បន្ន រុស្ស៊ីក៏នៅតែរក្សាទុកស្តុកមីស៊ីលរយៈចម្ងាយឆ្ងាយក្នុងបរិមាណជាច្រើន ជាពិសេសរុស្ស៊ីបាននឹងកំពុងបន្តបង្កើនការផលិតមីស៊ីលបន្ថែមទៀតផងដែរ ទោះបីជាខ្លួនកំពុងប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិក៏ដោយ ។
ជាក់ស្តែង គិតត្រឹមខែតុលាប៉ុណ្ណោះ រុស្ស៊ីមានស្តុកមីស៊ីលផ្លោងរហូតដល់ ៧០០ គ្រាប់ និងមីស៊ីលនាំផ្លូវរាប់ពាន់គ្រាប់ ហើយថែមទាំងមានមីស៊ីលប្រភេទផ្សេងៗគ្នាផងដែរ ។
ក្នុងចំណោមមីស៊ីលទាំងនោះ រុស្ស៊ីមានមីស៊ីលផ្លោងប្រភេទ Iskander-M ប្រមាណ ១១៥ គ្រាប់ ខណៈដែលឧស្សាហកម្មការពារជាតិរុស្ស៊ីអាចផលិតមីស៊ីលប្រភេទនេះបានប្រមាណ ៦៥ គ្រាប់ក្នុងមួយខែ ។
ទន្ទឹមនេះ រុស្ស៊ីក៏មានស្តុកមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ Zircon ច្រើនជាង ១២០ គ្រាប់ផងដែរ ។ មីស៊ីលប្រភេទនេះ ត្រូវបានរចនាឡើងដំបូងសម្រាប់វាយប្រហារ និងបំផ្លាញនាវាចម្បាំង ប៉ុន្តែរុស្ស៊ីបានប្រើប្រាស់វាសម្រាប់វាយប្រហារឈុតធំលើទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀតរបស់អ៊ុយក្រែន ។
របាយការណ៍រសើបរបស់ទីភ្នាក់ងារអ៊ុយក្រែនត្រូវបានទម្លាយឲ្យដឹង ចំពេលដែលរុស្ស៊ីកំពុងបង្កើនការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនដូចជា ប្រព័ន្ធបញ្ជូនអគ្គិសនី និងរោងចក្រផលិតថាមពល ខណៈដែលអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះខាតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដែលផលិតដោយសហរដ្ឋអាមេរិក ៕
ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា
