លោក Trump ថា អាមេរិកនឹងមិនវាយ អ៊ីរ៉ង់ ជុំថ្មីឡើយ បើសិនការចរចាបញ្ចប់សង្គ្រាមមានវឌ្ឍនភាព

វ៉ាស៊ីនតោន ៖ ការវាយប្រហារយោធាជុំថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ គឺទំនងជាមិនកើតឡើងឡើយ បើសិនកិច្ចចរចាការទូតបញ្ចប់សង្គ្រាមមានវឌ្ឍនភាព ប៉ុន្តែអាមេរិកក៏មិនបានបដិសេធទាំងស្រុងនូវលទ្ធភាពប្រើប្រាស់កម្លាំងយោធាថែមទៀតនោះទេ នេះបើតាមការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ។

ក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ CNN មេដឹកនាំអាមេរិករូបនេះ លើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់រងការខូចខាតយ៉ាងធ្ងន់ធ្ងររួចមកហើយ ហើយប្រតិបត្តិការយោធាថែមទៀតទំនងជាមិនចាំបាច់នោះឡើយ ។

ប៉ុន្តែលោក ត្រាំ អះអាងថា ការវាយប្រហារយោធាជុំថ្មីនឹងមិនកើតឡើងឡើយ គឺវាអាស្រ័យលើអ៊ីរ៉ង់ខ្លួនឯង ថាតើយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏រឹងមាំមួយដែរឬអត់ប៉ុណ្ណោះ ។

ប្រធានាធិបតីអាមេរិករូបនេះ បង្ហើបថា កិច្ចព្រមព្រៀងនេះ គឺត្រូវតែពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ ហ័រមូស ឱ្យដំណើរការឡើងវិញ ។

ទន្ទឹមគ្នា លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ ព្រមានថា បច្ចុប្បន្ន អាមេរិកបានកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនរបស់អ៊ីរ៉ង់រួចហើយ រួមមានរោងចក្រផលិតថាមពលអគ្គិសនី និងស្ពានជាច្រើន ដែលអាចត្រូវបានកំណត់ជាគោលដៅវាយប្រហារ ប្រសិនបើចាំបាច់ ។

លោក ត្រាំ អួតអាងថា កងកម្លាំងអាមេរិកអាចបំផ្លាញស្ពានចំនួន ៣៨ កន្លែង ក្នុងពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា លោកបានបញ្ជាក់ជាថ្មីថា សកម្មភាពយោធាបែបនេះទំនងជាមិនចាំបាច់នោះទេ ពីព្រោះអ៊ីរ៉ង់មានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិកយ៉ាងខ្លាំង ។

គិតចាប់តាំងពីអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ក្នុងពេលជាង ៨ ខែកន្លងមកនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារចម្រុះជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងជំហររបស់លោកក្នុងការបញ្ចប់សង្គ្រាម ។

បច្ចុប្បន្ន កិច្ចចរចាបញ្ឈប់ជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែជាប់គាំងក្នុងភាពទាល់ច្រក ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅមិនទាន់សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅឡើយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner