ទិដ្ឋភាពដ៏កម្រនៃកាំភ្លើងធំកូរ៉េខាងជើង ទាក់ទាញអ្នកទេសចរជាង ១៣,០០០ នាក់ ទៅកាន់សួនឧទ្យានក្បែរព្រំដែនកូរ៉េទាំងពីរ

ព្យុងយ៉ាង ៖ ទិដ្ឋភាពដ៏កម្រនៃកាំភ្លើងធំស្វ័យប្រវត្តិរបស់កងទ័ពកូរ៉េខាងជើង បានទាក់ទាញប្រជាជន និងអ្នកទេសចរជាង ១៣.០០០ នាក់ ក្នុងពេលត្រឹម ១០ ថ្ងៃ ឱ្យទៅទស្សនាសួនឧទ្យានសន្តិភាព អេជីបុង ស្ថិតនៅទីក្រុងគីមប៉ូ ខេត្តគ្យុងគី នៃប្រទេសកូរ៉េខាងត្បូង ។

បើតាមអាជ្ញាធរក្រុងគីមប៉ូ, ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា មានអ្នកទេសចរសរុបចំនួន ១៣.២៤៣ នាក់ ទៅទស្សនាកាំភ្លើងធំស្វ័យប្រវត្តិរបស់កងទ័ពកូរ៉េខាងជើង ។ ចំនួននេះកើនឡើង ៧,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានត្រឹម ១២.៣២១ នាក់ ។

កំណើនអ្នកទេសចរនេះកើតឡើង បន្ទាប់ពីរូបភាពកាំភ្លើងធំស្វ័យប្រវត្តិប្រភេទ Howitzer ទំហំ ១២២ មីលីម៉ែត្រ របស់កូរ៉េខាងជើង ដែលស្ថិតនៅចម្ងាយត្រឹមតែ ១,៥ គីឡូម៉ែត្រ ពីប៉ុស្តិ៍សង្កេតការណ៍ ត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម ។

កាំភ្លើងធំនេះ ស្ថិតនៅចម្ងាយប្រហែល ១,៥ គីឡូម៉ែត្រ ពីប៉មសង្កេតការណ៍របស់សួនឧទ្យានសន្តិភាព អេជីបុង ហើយអ្នកទស្សនាអាចមើលឃើញ តាមរយៈកែវយឹត និងឧបករណ៍សង្កេតចម្ងាយឆ្ងាយ ។

ដោយសារតែលំហូរអ្នកទេសចរស្ទុះឡើងយ៉ាងគំហុកនៅថ្ងៃធម្មតា ចន្លោះពី ១.០០០ ដល់ ១.២០០ នាក់ក្នុងមួយថ្ងៃ អាជ្ញាធរក្រុងគីមប៉ូ បានកំណត់ចំនួនអ្នកស្នាក់នៅក្នុងឧទ្យាននេះត្រឹមតែ ៥០០ នាក់ប៉ុណ្ណោះ និងកាត់បន្ថយការកក់សំបុត្រទុកជាមុនមកត្រឹម ២០០ នាក់ក្នុងមួយម៉ោង ដើម្បីធានាសុវត្ថិភាព ។

ទោះបីជាការដាក់ពង្រាយអាវុធរបស់កូរ៉េខាងជើង បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរតំបន់ព្រំដែនបានបង្ហាញការមិនពេញចិត្ត ដោយពួកគេចាត់ទុកថា អាវុធនេះជាប្រភពនៃការព្រួយបារម្ភអំពីសន្តិសុខប្រចាំថ្ងៃ មិនមែនជាកន្លែងទាក់ទាញភ្ញៀវទេសចរនោះទេ ៕

ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner