ប៉ាគីស្ថាន ផ្តើមប្រើមនុស្សយន្តឱ្យលើកម្ហូបអាហារជូនភ្ញៀវក្នុងភោជនីយដ្ឋាន

អ៊ីស្លាម៉ាបាដ ៖ ស្របពេលដែលបច្ចេកវិទ្យាមនុស្សយន្តកំពុងរីកចម្រើន និងក្លាយជាផ្នែកមួយនៃសេវាកម្មក្នុងវិស័យម្ហូបអាហារនៅជុំវិញពិភពលោក ប្រទេសប៉ាគីស្ថានក៏បានចាប់ផ្តើមប្រើប្រាស់មនុស្សយន្តឱ្យបម្រើការផ្នែកលើកម្ហូបអាហារជូនភ្ញៀវក្នុងភោជនីយដ្ឋានមួយនៃទីក្រុងការ៉ាជី ។

មនុស្សយន្តបម្រើអាហារទាំងពីរគ្រឿង ដែលមានឈ្មោះថា រ៉ូប៊ី និង ចូចូ សព្វថ្ងៃនេះ អាចត្រឹមតែធ្វើដំណើរតាមចន្លោះតុអាហារ និងលើកម្ហូបអាហារទៅកាន់អតិថិជនប៉ុណ្ណោះ ពីព្រោះសមត្ថភាពរបស់ពួកវានៅមានកម្រិតនៅឡើយ ដែលតម្រូវឱ្យភ្ញៀវត្រូវលើកយកម្ហូបពីថាសដោយខ្លួនឯង ឬរង់ចាំបុគ្គលិកមនុស្សមកជួយរៀបចំ ។

មនុស្សយន្តទាំងពីរនេះ ត្រូវបានបង្កើតឡើងដោយវិស្វករប៉ាគីស្ថាន លោក សាយយ៉េដ អូសាម៉ា អាហ្ស៊ីស ដែលជាម្ចាស់ភោជនីយដ្ឋាន ឌឹ ស៊ីស៊ីលលៀន នៅទីក្រុងការ៉ាជី ។

លោក អាហ្ស៊ីស បានប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតក្នុងស្រុកជាចម្បង ដើម្បីផលិតមនុស្សយន្តទាំងនេះ ព្រមទាំងរចនាបន្ទះសៀគ្វីអេឡិចត្រូនិក និងសរសេរកម្មវិធីបញ្ជាដោយខ្លួនឯងក្នុងមន្ទីរពិសោធន៍របស់លោក ។

មនុស្សយន្ត រ៉ូប៊ី និង ចូចូ ត្រូវបានអភិវឌ្ឍឡើងតាមរយៈក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត ខូបូត ដោយមានការជួយពីមិត្តភក្តិ និងប្រើប្រាស់គ្រឿងបន្លាស់អេឡិចត្រូនិកមួយចំនួននាំចូលពីបរទេស ។

យោងតាមការបញ្ជាក់របស់លោក អាហ្ស៊ីស, ផែនការបន្ទាប់ គឺបំពាក់ប្រព័ន្ធកាមេរ៉ា និងបច្ចេកវិទ្យាសម្គាល់រូបភាព ដើម្បីឱ្យមនុស្សយន្តអាចស្គាល់អតិថិជនតាមរយៈមុខមាត់ ព្រមទាំងចងចាំការកុម្ម៉ង់អាហារពីលើកមុនៗ និងផ្តល់យោបល់អំពីមុខម្ហូបដែលសមស្របទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ ។

យ៉ាងណា បើប្រៀបធៀបនឹងចិន និងប្រទេសមួយចំនួននៅអាស៊ីបូព៌ា ដែលការប្រើប្រាស់មនុស្សយន្តក្នុងភោជនីយដ្ឋាន និងសណ្ឋាគារកាន់តែមានភាពទូលំទូលាយនោះ ការប្រើប្រាស់មនុស្សយន្តបែបនេះនៅប៉ាគីស្ថាន នៅតែជារឿងថ្មី និងកម្រមាននៅឡើយ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner