ឯកឧត្តម ប៉ែន បូណា៖ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងមកកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងព្រមទាំងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងក៏នឹងជួបប្រជុំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងកែលម្អប្រាសាទមេបុណ្យខាងលិច ក្នុងខេត្តសៀមរាប។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ទៀតថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកម្ពុជាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ និងជាទស្សនកិច្ចផ្លូវរដ្ឋដំបូងបំផុតបន្ទាប់ពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមប្រធានាធិបតី ហ្សាល ដឺហ្គោល នៅឆ្នាំ១៩៦៦ និងទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ហ្រ្វង់ស្វ័រ មីតេរ៉ង់ នៅឆ្នាំ១៩៩៣។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនពាក់ព័ន្ធវិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការពារជាតិដែលនឹងផ្ដល់នូវកាលានុវត្តភាពក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណីការបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា–បារាំង និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក៕

ដោយ៖ពលជ័យ

ads banner