ហ៊ូទី វាយប្រហារមីស៊ីល និងដ្រូន ទៅលើអគារក្រុមហ៊ុនប្រេងយក្ស អារ៉ាប៊ី សាអូឌីត
រីយ៉ាដ ៖ ការវាយប្រហារដោយមីស៊ីល និងដ្រូន របស់ក្រុមហ៊ូទី (Houthi) កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យខូចខាតអគាររបស់ក្រុមហ៊ុនប្រេងយក្សអារ៉ាប៊ីសាអូឌីត Aramco នៅក្នុងតំបន់ហិរញ្ញវត្ថុនៃទីក្រុងរីយ៉ាដ។
ក្រុមហ៊ូទី នៅប្រទេសយេម៉ែន បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាភាសាអង់គ្លេស ក្រុម ហ៊ូទី បានបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធយេម៉ែន ដោយមានជំនួយពីព្រះអាឡាហ៍ដ៏មានមហានុភាព បានអនុវត្តប្រតិបត្តិការយោធាដ៏សំខាន់ៗ ចំនួន៤ ដោយប្រើប្រាស់មីស៊ីលផ្លោង, មីស៊ីលប្រភេទ cruise និងយន្តហោះដ្រូនមួយចំនួន»។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ ក៏បានរាយបញ្ជីគោលដៅវាយប្រហារនានា រួមមាន មជ្ឈមណ្ឌលហិរញ្ញវត្ថុ, អាកាសយានដ្ឋានទីក្រុងរីយ៉ាដ, ធុងស្តុកប្រេងរបស់ក្រុមហ៊ុន Aramco និងទីក្រុង Abqaiq ដែលស្ថិតនៅភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត។
សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយថា ការវាយប្រហារនោះបានបង្កការខូចខាតដល់អគារខ្ពស់មួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងយក្ស Aramco។ ក្រសួងថាមពលអារ៉ាប៊ីសាអូឌីតបញ្ជាក់ថា ការខូចខាតចំពោះអគារ Aramco គឺមានកម្រិត ហើយមិនមានអ្នករងរបួស ឬ ស្លាប់នោះទេ។
បើតាម Reuters, ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ ក្រុមហ៊ូទីបានបង្កើនការវាយប្រហារលើទីតាំងនានារបស់ក្រុមហ៊ុន Aramco រួមទាំង ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនប្រេងយក្សនេះ ដែលស្ថិតនៅទីក្រុង Dhahran ក្នុងខេត្តភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត។
សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីដែលគេជឿថាគាំទ្រដោយអ៊ីរ៉ង់នោះ បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត បានស្ទាក់ចាប់មីស៊ីលរបស់ក្រុមហ៊ូទីនៅពីលើទីក្រុងនេះ កាលពីព្រលឹមថ្ងៃអាទិត្យដដែលនោះ៕
ប្រភព ៖ AFP_ Reuters, ប្រែសម្រួល ៖ សារ៉ាត