អាមេរិក រំពឹងទទួលបានវឌ្ឍនភាពលើកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី នៅអាប៊ូដាប៊ី ស្អែកនេះ
វ៉ាស៊ីនតោន ៖ រដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានបង្ហាញពីក្តីសង្ឃឹមថា នឹងអាចសម្រេចបានវឌ្ឍនភាពខ្លះពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី អំឡុងកិច្ចប្រជុំ នៅក្នុងក្រុងអាប៊ូដាប៊ី ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម នាថ្ងៃស្អែកនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ប្រហែលជាអាចសម្រេចបានវឌ្ឍនភាពខ្លះ នៅទីក្រុងអាប៊ូដាប៊ី នៅថ្ងៃស្អែក នៅពេលដែល បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក គឺ លោក Jared Kushner និងលោក Steve Witkoff ទៅដល់ទីនោះ»។
លោកបន្តថា «ខ្ញុំគិតថា ពួកគេកំពុងធ្វើដំណើរទៅកាន់ទីនោះហើយនៅពេលនេះ»។ លោកបានថ្លែងបែបនេះ មុនពេលចេញដំណើរទៅកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុម G7»។
បើតាម Tass, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងនៅក្នុងជំនួបជាមួយលោក Witkoff ថា ទីក្រុងមូស្គូត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមឡើងវិញនូវកិច្ចពិភាក្សាត្រីភាគី ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា កិច្ចប្រជុំត្រីភាគីនេះនឹងប្រព្រឹត្តទៅ នៅទីក្រុងអាប៊ូដាប៊ី នៅថ្ងៃទី ១០-១១ ខែវិច្ឆិកា។
ជំនួយការប្រធានាធិបតី លោក Vladimir Medinsky នឹងដឹកនាំគណៈប្រតិភូរុស្ស៊ីចូលរួមកិច្ចប្រជុំនេះ៕
ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត