លោក ត្រាំ រំពឹងជួបលោក ស៊ី និងលោក ពូទីន ជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ បានថ្លែងពីការជឿជាក់ថា លោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ APEC នៅប្រទេសចិន នាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
បើតាម Reuters, លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន មុនពេលធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីមានវត្តមាននៅទីក្រុងផ្លរីដាថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូល APEC ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ក្នុងទីក្រុងសិនជិន (Shenzhen) ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា នៅភាគខាងត្បូង។
លោកបាននិយាយថា «ខ្ញុំគិតថា នឹងមានជំនួបមួយជាមួយប្រធានាធិបតី ពូទីន និងប្រធានាធិបតី ស៊ី ដែលវានឹងក្លាយជារឿងគួរឱ្យចាប់អារម្មណ៍។ យើងនឹងពិភាក្សាលើបញ្ហាជាច្រើន រួមទាំងការលុបបំបាត់អាវុធនុយក្លេអ៊ែរផងដែរ។ យើងកំពុងព្យាយាមបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់»។
កាលពីខែតុលា, លោក ត្រាំ បានលើកឡើងថា លោកបើកចំហចំពោះការចរចាត្រីភាគីស្តីពីការគ្រប់គ្រងអាវុធជាមួយលោក ស៊ី និងលោក ពូទីន ដោយបញ្ជាក់ថា ការចរចានេះនឹងផ្តោតលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
ក្រោយមក, កាសែត The Wall Street Journal បានរាយការណ៍ថា លោក ពូទីន បានស្នើឱ្យប្រើប្រាស់ជំនួបត្រីភាគីនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមដ៏យូរអង្វែងរបស់រុស្ស៊ីនៅអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី «60 Minutes» របស់ទូរទស្សន៍ CBS, លោក ត្រាំ បាននិយាយថា «ខ្ញុំជឿថា យើងខិតជិតដល់ការសម្រេចបានកិច្ចព្រមព្រៀងមួយ» ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនឹងនាំឱ្យអ៊ុយក្រែនមាន «ទម្រង់ខុសប្លែកពីមុនបន្តិច» ប៉ុន្តែ លោកមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់នោះទេ៕
ប្រភព ៖ Reuters, ប្រែសម្រួល៖ សារ៉ាត