អ៊ីរ៉ង់ ថ្លែងការពារ អាមេរិក មិនបានវាយប្រហារមកលើខ្លួនឡើយ ខណៈភាគីទាំងពីរសង្ស័យមានអ្នកលួចកម្ទេចនាវានៅច្រកហ័រមូស
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានអះអាងកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិកមិនបានបើកការវាយប្រហារជុំថ្មីមកលើខ្លួននោះទេ ។ ការថ្លែងការពារទីក្រុងវ៉ាស៊ីនតោនជាលើកដំបូងបែបនេះ បានកើតមានឡើង ចំពេលដែលគូជម្លោះទាំងពីរអះអាងថា មានការលួចវាយកម្ទេចនាវានៅក្បែរនឹងច្រកសមុទ្រហ័រមូស ។
បើតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ Tasnim, ការផ្ទុះនានានៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ រួមទាំងនៅលើកោះ Qeshm កាលពីល្ងាចថ្ងៃសៅរ៍ ទំនងជាពាក់ព័ន្ធនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់ ជាជាងការវាយប្រហារដោយសហរដ្ឋអាមេរិក ។
ជាក់ស្តែង កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា មាននាវាចំនួន ២ គ្រឿងបានប៉ះនឹងមីនសមុទ្រ ហើយនាវាទី ៣ មួយគ្រឿងទៀតបានឆាបឆេះ ។
រីឯ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ផងដែរថា កងទ័ពអាកាសរបស់ខ្លួនបានធ្វើឱ្យនាវាមួយគ្រឿងនៅក្នុងឈូងសមុទ្រអូម៉ង់ ដែលស្ថិតនៅហួសពីច្រកសមុទ្រនោះ លែងអាចដំណើរការបាន ។
យ៉ាងណា មន្ត្រីពាក់ព័ន្ធនានាមិនទាន់បានបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលណាមួយពីខាងក្រៅ មកលើទឹកដីអ៊ីរ៉ង់នោះទេ បើទោះបីជាភាគីទាំងពីរនៅតែលើកឡើងពីការវាយប្រហារលើនាវាចរណ៍នានានៅក្នុងច្រកសមុទ្រហ័រមូសក៏ដោយ ។
ជាមួយគ្នានេះ ការថ្លែងការពារដ៏កម្រលើទីក្រុងវ៉ាស៊ីនតោននេះទៀតសោតក៏បានធ្វើឡើង ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានបង្ហើបពីលទ្ធភាពនៃការបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ។
ជាក់ស្ដែង រហូតមកទល់ពេលនេះ មិនទាន់មានសញ្ញានៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយពីសំណាក់សហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់នៅឡើយនោះទេ ៕
ប្រភពពី CNBC , ប្រែសម្រួល ៖ សារ៉ាត