បក្សឈ្នះឆ្នោតនៅ អាមេរិក ត្រៀមជួយលុយ អ៊ុយក្រែន កញ្ចប់ថ្មី ១៥ ពាន់លានដុល្លារ
កៀវ ៖ បន្ទាប់ពីឈ្នះការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក, គណបក្សប្រជាធិបតេយ្យ កំពុងរៀបចំកញ្ចប់ជំនួយថ្មីចំនួន ១៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ។ នេះបើតាមការចេញផ្សាយ របស់កាសែត Financial Times កាលពីថ្ងៃអាទិត្យ ។
កាសែតអាមេរិកមួយនេះរាយការណ៍ទៀតថា ដោយសារគណបក្សប្រជាធិបតេយ្យកំពុងគ្រប់គ្រងសភាទាំងពីរថ្នាក់ ពួកគេមានបំណងប្រើប្រាស់អំណាចរបស់ខ្លួន ដើម្បីពង្រឹងការគាំទ្រដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មបន្ថែមទៀតលើសេដ្ឋកិច្ចរុស្ស៊ី ។
ជំនួយការម្នាក់របស់គណបក្សប្រជាធិបតេយ្យ នៅក្នុងគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិកនិយាយថា គណបក្សប្រជាធិបតេយ្យគ្រោងនឹងរៀបចំកញ្ចប់ជំនួយសន្តិសុខថ្មីមួយសម្រាប់ទីក្រុងកៀវ ដែលមានតម្លៃប្រហែល ១៥ ពាន់លានដុល្លារអាមេរិក ។
ជំនួយការរូបនោះបញ្ជាក់ថា ជំនួយផ្នែកថាមពល គឺជាចំណុចមួយដែលត្រូវបានផ្តល់អាទិភាពខ្ពស់បំផុតនៅក្នុងបញ្ជីរបស់ពួកគេ ។
សមាជិកសភាទំនងជានឹងប្រើប្រាស់ច្បាប់ស្តីពីការអនុញ្ញាតការពារជាតិប្រចាំឆ្នាំ ដែលតម្រូវឱ្យមានការអនុម័តមុនពេលអាណត្តិរបស់សភានីតិកាលបច្ចុប្បន្នបញ្ចប់ ធ្វើជាយន្តការមួយសម្រាប់ផ្តល់ជំនួយដល់ទីក្រុងកៀវ ។
ជំនួយការរបស់គណៈកម្មាធិការបានឱ្យដឹងថា អាទិភាពចម្បងមួយរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសភានីតិកាលថ្មីនេះ គឺការកែប្រែសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលដាក់ឈ្មោះតាមសមាជិកព្រឹទ្ធសភាមកពីរដ្ឋ South Carolina គឺលោក Lindsey Graham ។
បើតាម Pravda, សេចក្តីព្រាងច្បាប់ ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីគណបក្សទាំងពីរ ទាំងសាធារណរដ្ឋ និងប្រជាធិបតេយ្យ គឺផ្តោតលើការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងវិស័យការពារជាតិ និងវិស័យថាមពលរបស់រុស្ស៊ី ៕
ប្រភព ៖ Pravda, ប្រែសម្រួល ៖ សារ៉ាត