ប្រមុខការទូតបារាំង ចោទ អ៊ីរ៉ង់ នៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើផ្សារទំនើបរាប់រយកន្លែង
ប៉ារីស ៖ ប្រមុខការទូតបារាំង កាលពីថ្ងៃ ចន្ទ បានចោទប្រកាន់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ថា ជាអ្នកនៅពីក្រោយការវាយប្រហារតាមបណ្តាញអ៊ីនធឺណិតលើប្រព័ន្ធទូរទឹកកករបស់ផ្សារទំនើបរាប់រយកន្លែងទូទាំងប្រទេសបារាំង កាលពីខែតុលាកន្លងទៅ ។
ថ្លែងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បានលើកឡើងថា ការវាយប្រហារនេះ គឺមានលក្ខណៈស្រដៀងនឹងទម្រង់ប្រតិបត្តិការរបស់អង្គភាពមួយ ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ។
លោក Barrot អះអាងថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងប៉ារីសបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសបារាំង ដើម្បីដាក់ការតវ៉ាយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ។
បន្ថែមពីលើការតវ៉ា លោក Barrot ថែមទាំងចាត់ទុកការវាយប្រហារនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើផលប្រយោជន៍ជាតិរបស់បារាំង ហើយអ្នកដែលនៅពីក្រោយសកម្មភាពនេះ អាចនឹងប្រឈមមុខនូវទណ្ឌកម្មយ៉ាងចាស់ដៃក្នុងកម្រិតសហភាពអឺរ៉ុប ។
ការចោទប្រកាន់នេះកើតឡើង ចំពេលដែលការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបានបើកការស៊ើបអង្កេតផ្លូវច្បាប់លើករណីនេះ ដោយផ្តោតលើប្រធានអង្គភាពប្រតិបត្តិការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះ Shahid Kaveh ដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលអេឡិចត្រូនិក និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ព្រមទាំងមនុស្សពីរនាក់ដែលជាជំនួយការរបស់អង្គភាពនេះ និងជនពាក់ព័ន្ធផ្សេងទៀត ។
បើតាមស៊ីនហួរ, ពួក Hacker ដែលបានវាយប្រហារតាមអ៊ីនធឺណិតកាលពីយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែតុលាកន្លងទៅ បានចូលគ្រប់គ្រងប្រព័ន្ធទូរទឹកកករបស់ផ្សារទំនើបរាប់រយកន្លែងទូទាំងប្រទេសបារាំងពីចម្ងាយ ។
ប្រភពដដែលបញ្ជាក់ថា ពួក Hacker បានបញ្ជាឱ្យប្រព័ន្ធផ្លាស់ប្តូរមុខងារពីត្រជាក់ទៅជាឡើងកំដៅ ដើម្បីរំលាយទឹកកកជាបន្តបន្ទាប់ ព្រមទាំងកំណត់សីតុណ្ហភាពគោលដៅរហូតដល់ ៥០ អង្សាសេ ។
សកម្មភាពវាយប្រហារនេះ បានបណ្តាលឱ្យប្រព័ន្ធទូរទឹកកករងការរំខានយ៉ាងធ្ងន់ធ្ងរ និងបង្កការខាតបង់ផ្នែកហិរញ្ញវត្ថុអស់ចំនួនរាប់លានដុល្លារ នេះបើយោងតាមសារព័ត៌មានបារាំង BFMTV ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
