តៃវ៉ាន់ ទទួលបានយន្តហោះចម្បាំង F-16 ចំនួន ៣ គ្រឿងទៀតពី អាមេរិក ទោះ ចិន បន្តប្រឆាំង

តៃប៉ិ ៖ កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យបានទទួលយន្តហោះចម្បាំង F-16 Block 70 ជំនាន់ថ្មីចំនួន ៣ គ្រឿងបន្ថែមទៀតពីសហរដ្ឋអាមេរិក នាំឱ្យចំនួនយន្តហោះចម្បាំងប្រភេទថ្មី ដែលទីក្រុងតែប៉ិទទួលបានពីទីក្រុងវ៉ាស៊ីនតោនកើនដល់ ៥ គ្រឿង ។

យន្តហោះចម្បាំងទាំងនេះ កើតឡើងចេញពីកិច្ចព្រមព្រៀងដែលអាមេរិកបានអនុម័តកាលពីឆ្នាំ២០១៩ ដែលបើកភ្លើងបៃតងឱ្យតៃវ៉ាន់អាចទិញយន្តហោះចម្បាំង F-16 ថ្មីចំនួន ៦៦ គ្រឿង ព្រមទាំងគ្រឿងបរិក្ខារពាក់ព័ន្ធ ក្នុងតម្លៃប្រមាណ ៨ ពាន់លានដុល្លារ ។

បើតាម Anadolu, យន្តហោះចម្បាំង F-16 Block 70 ទាំង ៣ គ្រឿងនេះ បានចុះចតដោយសុវត្ថិភាពនៅឯមូលដ្ឋានទ័ពអាកាស Chihhang នៃស្រុក Taitung ភាគអាគ្នេយ៍កោះតៃវ៉ាន់កាលពីថ្ងៃអាទិត្យ ។

យន្តហោះចម្បាំងទាំងនេះ បានហោះចេញពីរោងចក្រផលិតរបស់ក្រុមហ៊ុនការពារជាតិយក្សអាមេរិក Lockheed Martin នៅរដ្ឋ South Carolina កាលពីថ្ងៃទី៣ ខែវិច្ឆិកា មុនពេលធ្វើដំណើរមកដល់តៃវ៉ាន់ ។

កងទ័ពអាកាសតៃវ៉ាន់ឱ្យដឹងថា ការដឹកជញ្ជូនជើងទី២នេះ កើតឡើង បន្ទាប់ពីយន្តហោះចម្បាំង F-16 Block 70 ចំនួន ២ គ្រឿងដំបូង បានមកដល់តៃវ៉ាន់កាលពីខែមុន ។

ការប្រគល់យន្តហោះចម្បាំងថ្មីនេះកើតឡើង ចំពេលចិនដែលជាប្រទេសមហាយក្សមួយនៅអាស៊ី នៅតែបន្តប្រឆាំងតវ៉ាយ៉ាងខ្លាំង ចំពោះការលក់អាវុធ និងសម្ភារៈយោធារបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់ ដោយសារតែកោះមួយនេះត្រូវបានទីក្រុងប៉េកាំងចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់កិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងតៃប៉ិជាបន្ទាន់ ។

ក្រៅពីទិញយន្តហោះចម្បាំងថ្មី កោះតៃវ៉ាន់ក៏បានអនុវត្តកម្មវិធីធ្វើទំនើបកម្មកងទ័ពអាកាស ក្រោមគម្រោងមានឈ្មោះថា “Phoenix Rising” ផងដែរ ។

តាមរយៈគម្រោងនេះ ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនអភិវឌ្ឍន៍អវកាសតៃវ៉ាន់ បានសហការធ្វើទំនើបកម្មយន្តហោះចម្បាំង F-16AB ចាស់ៗចំនួន ១៤០គ្រឿង ឱ្យទៅជាយន្តហោះចម្បាំងស៊េរីថ្មី F-16V Block 20 ។ ការធ្វើទំនើបកម្មនេះត្រូវបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner