លោក Netanyahu អំពាវនាវឲ្យមានរដ្ឋាភិបាលឯកភាពជាតិ ទាំងខ្លួនគ្មានសិទ្ធិបង្កើត
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលឯកភាពជាតិម្តងទៀត ទោះបីជាលោកមិនទទួលបានសិទ្ធិក្នុងការបង្កើតរដ្ឋាភិបាលក៏ដោយ។
បើតាម AFP, ការព្យាយាមដែលប៉ុនប៉ងអាចរក្សាអំណាចរបស់លោកបន្តទៀត បានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីគូប្រជែងមកពីបក្សប្រឆាំង គឺលោក Gadi Eisenkot ទទួលបានសិទ្ធិក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។
លោក Netanyahu បាននិយាយ នៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គមថា «រដ្ឋាភិបាលឯកភាពជាតិ គឺជាភាពចាំបាច់មួយ»។
នៅក្នុងវីដេអូនេះ, លោកហាក់មិនបានចាប់អារម្មណ៍នឹងសកម្មភាពរបស់ប្រធានាធិបតី លោក Isaac Herzog ដែលកាលពីថ្ងៃអាទិត្យ បានផ្តល់ឱកាសដំបូងដល់លោក Eisenkot ក្នុងការបង្កើតរដ្ឋាភិបាលនោះទេ។
នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី ២៧ ខែតុលា ក្រុមបក្សប្រឆាំងរបស់លោក Eisenkot ទទួលបានអាសនៈចំនួន ៤៨ ក្នុងចំណោមអាសនៈចំនួន ៦១ ដែលត្រូវការដើម្បីបង្កើតសំឡេងភាគច្រើននៅក្នុងសភាអ៊ីស្រាអែល ខណៈដែលក្រុមរបស់លោក Netanyahu ទទួលបាន ៥៣ អាសនៈ។
ទោះជាយ៉ាងណាក៏ដោយ លោក Eisenkot ទទួលបានការគាំទ្រច្រើនជាងគេ នៅក្នុងកិច្ចពិភាក្សារវាងគណបក្សនយោបាយនានា ជាមួយប្រធានាធិបតី Herzog។
នៅក្នុងវីដេអូរបស់លោក លោក Netanyahu បានព្រមានប្រជាជនអ៊ីស្រាអែលអំពីអ្វីដែលលោកហៅថាជា «ការគំរាមកំហែង» ប្រសិនបើមានការដាក់បញ្ចូលជនជាតិអារ៉ាប់-អ៊ីស្រាអែល ទៅក្នុងរដ្ឋាភិបាល នាពេលអនាគត។
លោក Netanyahu បាននិយាយថា «អ្នកមិនអាចបង្កើតរដ្ឋាភិបាលជាមួយអ្នកគាំទ្រក្រុមហាម៉ាស (Hamas) បានទេ គឺជារដ្ឋាភិបាលដែលពឹងផ្អែកលើអ្នកគាំទ្រក្រុមហាម៉ាស»។
យ៉ាងណា គណបក្សទាំងនោះបានបដិសេធការចោទប្រកាន់ទាំងនេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
