កម្ពុជាបណ្តេញជនជាតិឥណ្ឌូនេស៊ី ៤៥នាក់ចេញពីប្រទេស ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
អាជ្ញាធរកម្ពុជា បានអនុវត្តនីតិវិធីបណ្តេញជនជាតិឥណ្ឌូនេស៊ីចំនួន ៤៥នាក់ ចេញពីប្រទេសកម្ពុជា បន្ទាប់ពីរកឃើញថា ពួកគេបានលួច ស្នាក់នៅ ធ្វើការងារខុសច្បាប់ និងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams។
កាលពីថ្ងៃទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបណ្តេញជនជាតិឥណ្ឌូនេស៊ីចំនួន ៤៥នាក់ ក្នុងនោះមានស្ត្រី ៧នាក់ ចេញពីប្រទេស តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ការបណ្តេញចេញនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា ពួកគេបានស្នាក់នៅ និងធ្វើការងារខុសច្បាប់ ព្រមទាំងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមជម្រាបថា ប្រតិបត្តិការនេះ អនុវត្តដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងតាមអនុសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា។
បើតាមប្រភព ការចាត់វិធានការក្តៅនេះ គឺជាការឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានប្រកាសជំហរច្បាស់លាស់ថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ប្រើប្រាស់ទឹកដីរបស់ខ្លួន ធ្វើជាទីតាំងឆបោក ឬបង្កអសន្តិសុខឡើយ។ ក្រោមស្មារតីនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមប្រមាញ់មេខ្លោង និងជួយសង្គ្រោះជនរងគ្រោះឱ្យបានត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
គួររំលឹកថា នេះមិនមែនជាលើកទីមួយឡើយ ដែលអាជ្ញាធរកម្ពុជាចាត់វិធានការតឹងរ៉ឹងបែបនេះ ដោយកាលពីខែតុលា ឆ្នាំ២០២៦ កន្លងទៅ សមត្ថកិច្ចក៏បានបណ្តេញជនជាតិឥណ្ឌូនេស៊ីចំនួន ៤២៧នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសស្រដៀងគ្នានេះ ចេញពីកម្ពុជារួចមកហើយដែរ៕
ដោយ៖ទួន សុផល




