សោកនាដកម្មរថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹក នៅស្រុកខ្សាច់កណ្តាល ឆក់យកជីវិតកុមារ ៥នាក់
នាព្រឹកថ្ងៃទី១០ វិច្ឆិកានេះ ដោយសិស្សសាលាឯកជនចំនួន ៥នាក់ បានបាត់បង់ជីវិត និង ២នាក់ទៀតរងរបួស ក្នុងចំណោមសិស្សសរុប ២៦នាក់ បន្ទាប់ពីរថយន្តឈ្នួលឯកជនដែលដឹកពួកគេ បានជួប គ្រោះថ្នាក់បើកធ្លាក់ចូលទៅក្នុងស្រះទឹក ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
លោក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងដោយសាររថយន្តដឹកសិស្សបានបើកគេចម៉ូតូមួយគ្រឿង បណ្តាលឱ្យរេចង្កូតធ្លាក់ចូលទៅក្នុងស្រះទឹកយ៉ាងជ្រៅ រហូតលិចបាត់រថយន្តតែម្តង។ ភ្លាមៗបន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋនៅជិតខាងបានចុះជួយសង្គ្រោះបន្ទាន់ ដោយជួយសង្គ្រោះសិស្សចំនួន ២១នាក់ ឱ្យរួចផុតពីគ្រោះថ្នាក់ ។ចំណែករថយន្តក៏ត្រូវបានអាជ្ញាធរស្រង់ចេញពីទឹកស្រះរួចរាល់ដែរ។
សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗនៅនឹងកន្លែង។ រីឯសិស្សសាលាដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកឯសពកុមាររងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕
ដោយ៖ទួន សុផល


