វៀតណាម និងជប៉ុន ពង្រឹងគោលដៅពាណិជ្ជកម្ម ៨០ពាន់លានដុល្លារ
ហាណូយ ៖ ប្រធានរដ្ឋវៀតណាម លោក To Lam និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae កាលពីថ្ងៃចន្ទ បានព្រមព្រៀងគ្នាក្នុងការធានាសន្តិសុខសេដ្ឋកិច្ច និងបង្កើនស្វ័យភាពយុទ្ធសាស្ត្រ ដោយបានកំណត់គោលដៅដំឡើងទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៨០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០។
បើតាម Asianews, ចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ រួមមាន ការវិនិយោគ និងបច្ចេកវិទ្យា, ខ្សែច្រវាក់ផ្គត់ផ្គង់ និងថាមពល, វិទ្យាសាស្ត្រ និងការអប់រំ និងការផ្លាស់ប្តូរប្រជាជន និងទិដ្ឋាការ។
មេដឹកនាំទាំងពីរបានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម វៀតណាម-ជប៉ុន និងធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៩ ច្បាប់ លើវិស័យសមុទ្រ បរិស្ថាន ថាមពល ការអប់រំ និងច្បាប់។
ថ្នាក់ដឹកនាំទាំងពីរបានថ្លែងថា ពួកគេនឹងចាប់ផ្តើមការពិគ្រោះយោបល់លើ «កិច្ចព្រមព្រៀងស្តីពីការជូនដំណឹង និងការទទួលបានកិច្ចការកុងស៊ុល»។
មេដឹកនាំកំពូលរបស់វៀតណាម ក៏បានអំពាវនាវឱ្យប្រទេសជប៉ុនសម្រួលដល់ការធ្វើដំណើរ និងសម្រួលតម្រូវការទិដ្ឋាការសម្រាប់វិស្វករផ្នែកបច្ចេកវិទ្យាមកពីប្រទេសវៀតណាមផងដែរ។
លោកស្រី Takaichi Sanae បានមានប្រសាសន៍ថា រដ្ឋាភិបាលជប៉ុនកំពុងអភិវឌ្ឍបណ្តាញព័ត៌មានមួយ ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ពលរដ្ឋវៀតណាម ដែលជួបប្រទះការលំបាកនៅក្នុងប្រទេសជប៉ុន៕
ប្រភព ៖ Asianews, ប្រែសម្រួល ៖ សារ៉ាត