មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលកម្រិតឯកទេស ឆ្ពោះទៅរកការក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់

ក្រោមជំនួយ ១៩លានដុល្លារពីជប៉ុន មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាលកម្រិតឯកទេស ឆ្ពោះទៅរកការក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកសមត្ថភាពផ្តល់សេវាសុខាភិបាលរបស់ខ្លួន ដើម្បដើរតួនាទីជាមណ្ឌលផ្តល់សេវាសុខាភិបាលកម្រិត CPA-3 ដែលជាកម្រិតខ្ពស់បំផុតនៃមន្ទីរពេទ្យបង្អែក និងឈានទៅជាមន្ទីរពេទ្យថ្នាក់តំបន់ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋប្រមាណ ១លាន ១សែននាក់នៅក្នុងខេត្ត។

នេះបើតាមការបញ្ជាក់ពីលោកស្រី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅក្នុងកម្មវិធី «ដំណើរទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានស្តីពីជំនួយអភិវឌ្ឍន៍ផ្លូវការ » នាខេត្តសៀមរាប រៀបចំកាលពីពេលថ្មីៗនេះ ដោយស្ថានទូតជប៉ុន។

លោកស្រីបញ្ចាក់បន្ថែមថា សមិទ្ធផលដ៏លេចធ្លោមួយក្នុងការកែប្រែមុខមាត់មន្ទីរពេទ្យ គឺការទទួលបានជំនួយឥតសំណងពីប្រទេសជប៉ុន តាមទីភ្នាក់ងារ JICA ក្នុងទំហំថវិកាប្រមាណ ១៩ លានដុល្លារអាមេរិក សម្រាប់សាងសង់អគារមជ្ឈមណ្ឌលសេវាវះកាត់ថ្មី កម្ពស់ ៤ ជាន់ បំពាក់ដោយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ។

គម្រោងសាងសង់បានចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ និងបានបញ្ចប់ជាស្ថាពរនៅខែតុលា ឆ្នាំ២០២៣ ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤។ អគារថ្មីនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពព្យាបាល និងផ្តល់សេវាថែទាំសុខភាពឯកទេសជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានទីតាំងស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប មានអគារសរុបចំនួន ១៨ ខ្នង។ បច្ចុប្បន្ន មន្ទីរពេទ្យនេះមានគ្រែសម្រាកព្យាបាលចំនួន៤៧០ គ្រែ, បន្ទប់វះកាត់ចំនួន ១០ បន្ទប់, ផ្នែកសេវាកម្ម សរុប ៣៧ ផ្នែក (រួមមាន ផ្នែកសេវាឯកទេស ២៥ និងផ្នែកសេវាគាំទ្រ ១២) និងបុគ្គលិកសរុបចំនួន ៧៩០ នាក់ ។

តំណាង JICA បានគូសបញ្ជាក់ថា គម្រោងកែលម្អមន្ទីរពេទ្យខេជាសៀមរាបនេះ គឺជាផ្នែកមួយនៃការគាំទ្រដ៏យូរអង្វែងរបស់ជប៉ុនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ ១៩៩៥ មក JICA បានអនុវត្តគម្រោងជំនួយឥតសំណងចំនួន ៩ ក្នុងវិស័យសុខាភិបាល ដែលរួមបញ្ចូលទាំងការអភិវឌ្ឍមន្ទីរពេទ្យខេត្តចំនួន ៦ ហើយគម្រោងនៅសៀមរាបនេះគឺជាគម្រោងចុងក្រោយគេនៅក្នុងស៊េរីអភិវឌ្ឍន៍មន្ទីរពេទ្យខេត្តទាំងនោះ។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អង្គការ JICA នៅតែបន្តគាំទ្រកម្ពុជាលើការងារជាច្រើនទៀត រួមមាន ការគ្រប់គ្រងជំងឺមិនឆ្លង សុខភាពមាតា និងទារក ការបណ្តុះបណ្តាលបន្តសម្រាប់បុគ្គលិកសុខាភិបាល ការកែលម្អអាហារូបត្ថម្ភ សេវាសង្គ្រោះបន្ទាន់ ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការរៀបចំគោលនយោបាយសុខាភិបាល។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោលដៅលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងសមធម៌ ដើម្បីចូលរួមចំណែកដល់ការសម្រេចបាននូវ «ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage)» របស់កម្ពុជានាពេលអនាគត៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner