អ្នកនាំពាក្យ៖ ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា វគ្គដំបូងនៃការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចបានបើកធ្វើជាផ្លូវការនារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំថ្ងៃបុណ្យឯករាជ្យជាតិ និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះបានប្រព្រឹត្តទៅនៅឯសាលាហ្វឹកហ្វឺនការពារកោះឆ្នេរក្នុងខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងពិធីជាប្រវត្តិសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា គឺជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់ប្រាជ្ញាស្មារតីរបស់យុវជនដែលជា«ប្រភពធនធានមនុស្សមិនចេះរីងស្ងួត»ឱ្យមាន មនសិការស្នេហាជាតិមាតុភូមិ ចេះស្រឡាញ់ និងការពារជាតិមាតុភូមិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។
អ្នកនាំពាក្យបានបន្តថា សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រយៈពេល២៤ខែ នៃការចូលជាយោធិនកាតព្វកិច្ច គឺជាកិត្តិយស និងជាការវិនិយោគសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា យុវជនដែលបានបំពេញកាតព្វកិច្ចយោធា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានឱកាសបម្រើជាតិមាតុភូមិ, ការបណ្ដុះបណ្ដាលជំនាញបន្ថែម ទាំងជំនាញទន់និងជំនាញរឹង ទទួលបានឱកាសអភិវឌ្ឍខ្លួនក្លាយជាធនធាន ដ៏ល្អប្រកបដោយវិន័យ ការទទួលខុសត្រូវ របៀបរបបការងារ និងភាពជាអ្នកដឹកនាំ ទទួលបានស្ថិរភាពការងារក្នុងអំឡុងពេលបំពេញកាតព្វកិច្ចយោធា និងមានឈ្មោះក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ៤៥ឆ្នាំ។ ទន្ទឹមនឹងនោះ ពួកគេ ក៏ទទួលបានអាទិភាពក្លាយជាយោធិនអាជីព ដោយផ្អែកលើការពិនិត្យនិងវាយតម្លៃជាក់ស្ដែង។
សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់យុវជនស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចយោធាថា ចាប់ពីថ្ងៃនេះតទៅ សិក្ខាកាមទាំងអស់នឹងចាប់ផ្តើមជីវិតថ្មីមួយដែលទាមទារនូវការគោរពវិន័យម៉ឺងម៉ាត់ ការអត់ធ្មត់ខ្ពស់ ការតស៊ូព្យាយាម និងភាពជាម្ចាស់លើខ្លួនឯងពិតប្រាកដ។ ពិតណាស់ យោធិនកាតព្វកិច្ចអាចនឹងជួបការលំបាក ការនឿយហត់ និងត្រូវផ្លាស់ប្តូរពីការរស់នៅតាមបែបធម្មតា មកជាជីវិតដែលមានការគ្រប់គ្រង និងវិន័យតឹងរ៉ឹង ប៉ុន្តែមេរៀនជីវិតទាំងនេះនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សថ្មីប្រកបដោយភាពរឹងមាំ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ជាពិសេសក្លាយជាសសរទ្រូងដ៏រឹងមាំពិតប្រាកដរបស់គ្រួសារ សង្គម និងជាតិមាតុភូមិ ស្របតាមពាក្យស្លោក«យុវជនរឹងមាំ កងទ័ពរឹងមាំ ប្រទេសជាតិរឹងមាំ»។
ដូច្នេះ យោធិនកាតព្វកិច្ចទាំងអស់ត្រូវខិតខំថែរក្សាអត្តសញ្ញាណគុណតម្លៃ, កិត្តិយសនិងសេចក្តីថ្លៃថ្នូរ តាមរយៈការបំពេញតួនាទីជាកូនល្អ ពលរដ្ឋល្អ បុគ្គលិកល្អ មន្ត្រីរាជការល្អ និងកងទ័ពល្អ ហើយត្រៀមខ្លួនជានិច្ចក្នុងការចូលរួមបម្រើជាតិមាតុភូមិ។ នេះជាប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី៕
ដោយ៖ពលជ័យ