គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបញ្ជាឲ្យរាប់សន្លឹកឆ្នោត និងបោះឆ្នោតឡើងវិញនៅកន្លែងខ្លះ
ថៃ៖ អាជ្ញាធររៀបចំការបោះឆ្នោតថៃ នៅថ្ងៃព្រហស្បតិ៍តនេះ បានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញ និងធ្វើការបោះឆ្នោតជាថ្មីនៅតំបន់ខ្លះ បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៅទីនោះ ក្នុងការបោះឆ្នោតជាតិជាលើកដំបូងកាលពីថ្ងៃ២៤ ខែមីនាកន្លងមកនេះ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០១៤។
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅស្ថានីយបោះឆ្នោត២ និងបោះឆ្នោតជាថ្មីនៅស្ថានីយចំនួន៦ ដោយសារតែចំនួនអ្នកបោះឆ្នោតវាមិនត្រូវគ្នានឹងចំនួនសន្លឹកឆ្នោត ប៉ុន្តែកាលបរិច្ឆេទនៃការបោះឆ្នោតឡើងវិញ នឹងត្រូវប្រកាសនៅពេលក្រោយ។
សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលនៅប្រទេសថៃ ត្រូវបានពន្យារពេលប្រកាសជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ មិនទាន់ចេញនៅឡើយទេ ខណៈដែលគណបក្សរបស់លោក ប្រាយុទ្ធ និងគណបក្សប្រឆាំងដ៏មានឥទ្ធិលពល ភឿថៃ ប្រកាសពីជ័យជម្នះរៀងៗខ្លួននោះ៕ធ.ដ