កម្ពុជាប្រឆាំងដាច់ខាតចំពោះថៃ ដែលគ្រោងបើកទទួលភ្ញៀវទេសចរនៅប្រាសាទតាក្របី

ប្រទេសថៃបានប្រកាសគ្រោងបើកឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ នៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ខាងមុខនេះ។ ការបើកទទួលភ្ញៀវលើកនេះ គឺជាលើកទី៣ហើយ ដែលភាគីថៃបានរៀបចំឱ្យមានការចូលទស្សនាតំបន់ប្រាសាទតាក្របី។
 
កន្លងមក ភាគីថៃធ្លាប់បានបើកឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ ចំនួនពីរលើករួចមកហើយ គឺនៅក្នុងខែមេសា និងខែមិថុនា ឆ្នាំ២០២៦។ ប្រាសាទតាក្របីត្រូវបានកម្ទេច និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការបាញ់បាញ់ប្រហារ និងទម្លាក់គ្រាប់របស់យោធាថស រហូតធ្វើឲ្យសំណង់ប្រាសាទស្ទើរតែបាត់បង់រូបរាងដើម ខណៈថ្មប្រាសាទបានដួលរលំគរលើគ្នានៅលើដី។ អាជ្ញាធរថៃរំពឹងថា នឹងមានភ្ញៀវទេសចរប្រមាណ ២០០០ នាក់ក្នុងមួយថ្ងៃ នឹងចូលទៅទស្សនាប្រាសាទតាក្របី។

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ការយកបេតិកភណ្ឌជាតិរបស់កម្ពុជាទៅប្រើប្រាស់គឺជាទង្វើខុសច្បាប់។
 
លោកបានបញ្ជាក់ជំហរប្រឆាំងដាច់ខាតចំពោះការរៀបចំពិធីផ្សេងៗ ការជួសជុលប្រាសាទ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងតំបន់ប្រាសាទតាក្របី។
 
បើតាមឯកឧត្តម ស៊ុ ម៉ាប់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពនៅតំបន់ប្រាសាទតាក្របី និងស្នើឱ្យចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដើម្បីធ្វើការវាស់វែង និងកំណត់ឱ្យបានច្បាស់លាស់អំពីទីតាំង និងដែនអធិបតេយ្យភាពរបស់ភាគីនីមួយៗ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីថៃនៅមិនទាន់យល់ព្រមចូលរួមនៅឡើយទេ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កន្លងមក កម្ពុជាបានធ្វើការតវ៉ាជាច្រើនលើកចំពោះភាគីថៃ ពាក់ព័ន្ធនឹងការកាន់កាប់ និងការបំផ្លិចបំផ្លាញប្រាសាទតាក្របី ដែលស្ថិតនៅក្នុងដែនអធិបេតយ្យភាពរបស់ប្រទេសកម្ពុជា។
ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរ៉ែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយ ១២គីឡូម៉ែត្រ ភាគខាងកើតប្រាសាទតាមាន់ធំ។ ប្រាសាទតាក្របី ត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី១១ គ.ស ក្នុងសម័យព្រះបាទសូរ្សវរ្ម័នទី១ និងព្រះបាទឧទ័យទិត្យវរ្ម័នទី២។ ​
 
ក្រោយបទឈប់បាញ់នៅចុងខែធ្នូ ឆ្នាំ២០២៥ ភាគីថៃបានកាន់កាប់បុរាណស្ថាន និងតំបន់មួយចំនួនរបស់កម្ពុជា រួមទាំងប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ធំផងដែរ៕

សៅ សុខអេង

ads banner