បទពិសោធន៍សង្គ្រាម៣០ឆ្នាំរបស់កម្ពុជា ក្លាយជាមូលបទកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០នៅភ្នំពេញ
កម្ពុជា នឹងលើកយកបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ផ្ទាល់ធ្វើជាមូលបទនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ នៅទីក្រុងភ្នំពេញ ក្រោមប្រធានបទ៖«រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
ក្នុងបទសម្ភាសន៍រយៈពេលជិត៤០នាទីជាមួយទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា អស់រយៈពេលជាង ៣០ឆ្នាំ កន្លងមក កម្ពុជា បានឆ្លងកាត់នូវវិបត្តិសង្គ្រាមជាបន្តបន្ទាប់ ដូចជា ការរីករាលដាលពីសង្រ្គាមនៅវៀតណាមនៅចុងទស្សវត្សទី៦០ រហូតដល់មានរដ្ឋប្រហារ ,សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ជាដើម។ សម្រាប់កម្ពុជា សន្តិភាព គឺជាគ្រឹះនៃការអភិវឌ្ឍន៍ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជា តែងតែផ្ដល់សារៈសំខាន់ និងគោរពនូវច្បាប់អន្តរជាតិ ក៏ដូចជា ការសន្ទនា និងការដោះស្រាយជម្លោះនានា ដោយសន្តិវិធី។ជាក់ស្ដែងកាលពីមានការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រទេសកម្ពុជា ក៏បានបោះឆ្នោតគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិផងដែរ ដែលបញ្ជាក់ពីគោលជំហរនៃការគោរពច្បាប់អន្តរជាតិ។
ទន្ទឹមនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកយកបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដោយកម្ពុជា នៅតែប្រកាន់គោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពតាមច្បាប់អន្តរជាតិ ដែលស្របទៅនឹងគោលដៅរបស់អង្គការហ្វ្រង់កូហ្វូនី។គោលដៅអាទិភាពរបស់អង្គការនេះមានចំនួន ៤ រួមមាន៖ លើកស្ទួយភាសាបារាំង,លើកស្ទួយសន្តិភាព,លើកកម្ពស់ការអប់រំ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ប្រទេសនិយាយ ភាសាបារាំង) លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២៦។កិច្ចប្រជុំកំពូលនេះនឹងមានការអញ្ជើញចូលរួមពីមេដឹកនាំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង រួមទាំងលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំងផងដែរ។
ក្រៅពីនេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមសំខាន់ៗចំនួនពីរគឺ ភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) និងហ្វ្រង់កូតិច (FrancoTech) ដែលការរៀបចំព្រឹត្តិការណ៍នេះ នឹងក្លាយជាឱកាសដ៏កម្រសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពលសិល្បៈ វប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក។
លើសពីនេះ កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ឱកាសក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕
ដោយ៖ខន ណារី