ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា កើនដល់ជាង ៦៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ
យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេចបានជាង ៦៣ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ខែឆ្នាំ២០២៦ ដោយកើនឡើងជិត ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត ៣០ពាន់លានដុល្លារ កើនឡើង២០ភាគរយ។ ចំណែកការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៣៣ពាន់លានដុល្លារ កើនឡើងជាង ២១ភាគរយ។
របាយការណ៍ដដែលបង្ហាញថា ចិន អាម៉េរិក និងវៀតណាម គឺជាទីផ្សារនាំចេញ និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ខណៈការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្ដាដៃគូពាណិជ្ជកម្មសំខាន់ទាំងអស់សុទ្ធតែមានកំណើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលដូចគ្នានេះ។
ជាក់ស្ដែង ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅរយៈពេល ១០ខែ សម្រេចបានជាង ១៩ពាន់លានដុល្លារ កើនឡើងជាង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិក សម្រេចបានជាង ១៣ពាន់លានដុល្លារ កើនឡើង ២៩ភាគរយ។ រីឯទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានជាង ៧ពាន់លានដុល្លារ កើនឡើងជាង ៨ភាគរយ។
ទន្ទឹមនេះ ទំហំទឹកប្រាក់ដែលកម្ពុជាបាននាំចេញទៅទីផ្សារអាម៉េរិក ក្នុងរយៈពេល ១០ខែ ឆ្នាំនេះដែរ សម្រេចបានជាង១៣ពាន់លានដុល្លារ កើនឡើងជាង ២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។បន្ទាប់មកទំហំទឹកប្រាក់ដែលកម្ពុជា នាំចេញទៅវៀតណាម មានទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារកើនឡើងជាង៨ភាគរយ។ដោយឡែកទំហំទឹកប្រាក់ដែលកម្ពុជានាំចេញទៅចិន សម្រេចបានជាង ១,៦ពាន់លានដុល្លារ កើនឡើងជាង ២៦ភាគរយ៕
ដោយ៖ខន ណារី
