លោក Zelensky ថា កិច្ចចរចាបញ្ចប់សង្គ្រាមរវាង អ៊ុយក្រែន អាមេរិក និងរុស្ស៊ី មានលក្ខណៈស្ថាបនា និងស៊ីជម្រៅ
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានឱ្យដឹងកាលពីថ្ងៃអង្គារ ថា កិច្ចចរចាបញ្ចប់សង្គ្រាមត្រីភាគីរវាងអ៊ុយក្រែន អាមេរិក និងរុស្ស៊ី នៅទីក្រុងអាប៊ូដាប៊ី រដ្ឋធានីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានដំណើរការប្រកបដោយលក្ខណៈស្ថាបនា និងមានខ្លឹមសារស៊ីជម្រៅសំខាន់ៗជាច្រើន ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានបញ្ជាក់តាមបណ្តាញសង្គម X បន្ទាប់ពីពិភាក្សាជាមួយក្រុមចរចារបស់ទីក្រុងកៀវថា ថ្ងៃដំបូងនៃកិច្ចចរចាបញ្ចប់សង្គ្រាមរយៈពេលពីរថ្ងៃនេះ គឺមានលក្ខណៈស្ថាបនា និងមានខ្លឹមសារស៊ីជម្រៅគួរឱ្យកត់សម្គាល់ ។
លោក ហ្សេឡេនស្គី អះអាងថា កិច្ចពិភាក្សានេះ បានផ្តោតលើបញ្ហាមនុស្សធម៌ រួមមានការដោះលែងអ្នកទោស ព្រមទាំងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ។ បន្ថែមលើនេះ ភាគីទាំងបីក៏បានលើកយកវិធានការកាត់បន្ថយភាពតានតឹងមកពិភាក្សាផងដែរ ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ សង្កត់ធ្ងន់ថា រូបលោកបានផ្តល់ការណែនាំយ៉ាងច្បាស់លាស់ដល់ក្រុមចរចារបស់អ៊ុយក្រែន សម្រាប់កិច្ចពិភាក្សាបន្តនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ព្រមទាំងកិច្ចប្រជុំទូលំទូលាយថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខ ជាមួយបេសកជនពិសេសរបស់លោកប្រធានាធិបតីអាមេរិក និងអ្នកតំណាងអឺរ៉ុប ។
បើតាមស៊ីនហួរ, គណៈប្រតិភូរបស់រុស្ស៊ី អាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានចាប់ផ្តើមកិច្ចការចរចាបញ្ចប់សង្គ្រាមត្រីភាគីជាលើកដំបូង នៅទីក្រុងអាប៊ូដាប៊ី គិតចាប់តាំងពីខែកុម្ភៈកន្លងទៅ ។
មុនពេលចាប់ផ្តើមកិច្ចចរចានេះ គណៈប្រតិភូអ៊ុយក្រែនក៏បានជួបជាមួយតំណាងមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ព្រមទាំងមន្ត្រីអង្គការណាតូ និងគណៈកម្មការអឺរ៉ុបផងដែរ ។ កិច្ចប្រជុំនោះក៏មានការចូលរួមពីបេសកជនពិសេសអាមេរិក លោក ស្ទីវ វីតខូហ្វ និងលោក ចារ៉េត ឃុស្នឺ ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
