លោក Rubio ថា អាមេរិក មិនចាំបាច់វាយឈុតធំប្រឆាំងនឹង អ៊ីរ៉ង់ ទៀតទេ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងអះអាងកាលពីថ្ងៃ អង្គារ ថា ទីក្រុងវ៉ាស៊ីនតោនមិនចាំបាច់បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ទៀតទេ ដោយសារតែវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិកកំពុងមានប្រសិទ្ធភាព ។

ប្រមុខការទូតអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G7 នៅទីក្រុងប៉ារីស ថា រូបលោកបានជូនដំណឹងដល់សម្ព័ន្ធមិត្ត G7 ថា វិធានការដាក់សម្ពាធសេដ្ឋកិច្ច និងការបិទខ្ទប់ផ្លូវសមុទ្ររបស់អាមេរិក កំពុងដំណើរការយ៉ាងមានប្រសិទ្ធភាព ។

លោក Rubio បានពន្យល់ថា ដោយសារតែប្រសិទ្ធភាពនៃវិធានការទាំងនេះហើយ ទើបធ្វើឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump គិតថា មិនចាំបាច់ប្រើប្រាស់កម្លាំងយោធា ឬបើកប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ទៀតទេ ។

លោក Rubio បន្ថែមថា សម្ពាធសេដ្ឋកិច្ចដែលអាមេរិកបានដាក់លើអ៊ីរ៉ង់ នឹងកាន់តែខ្លាំងឡើងៗទៅតាមពេលវេលា ប៉ុន្តែទោះបីជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននៅតែបើកចំហ ចំពោះលទ្ធភាពឈានដល់កិច្ចព្រមព្រៀងដ៏ពិតប្រាកដមួយជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបញ្ឈប់ជម្លោះជាផ្លូវការ ។

ដោយឡែកទាក់ទងនឹងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនវិញ លោក Rubio បានអះអាងថា គោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន គឺពង្រីកកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន ដោយដាក់បញ្ចូលអឺរ៉ុបឱ្យចូលរួមផងដែរ ។

លោក Rubio បានពន្យល់ថា ប្រទេសជាដៃគូនៅអឺរ៉ុប គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដ៏រុំារ៉ៃមួយនេះឱ្យបានយូរអង្វែង ។

ប្រមុខការទូតអាមេរិករូបនេះ ក៏បានធ្វើការវាយតម្លៃផងដែរថា កិច្ចចរចាត្រីភាគីថ្ងៃដំបូងនៅទីក្រុងអាប៊ូដាប៊ី ទទួលបានលទ្ធផលល្អ និងមានផលិតភាពខ្ពស់ ប៉ុន្តែលោកបានព្រមានថា នៅមានការងារជាច្រើនទៀតដែលត្រូវបន្តដោះស្រាយ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner