កម្ពុជា ស្វាគមន៍ការបញ្ជូនអ្នកសង្កេតការណ៍ថៃ មកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅភ្នំពេញ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាបានសម្តែងការស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់ប្រទេសថៃ ក្នុងការបញ្ជូនក្រុមអ្នកសង្កេតការណ៍ មកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ប្រទេសថៃ គឺជាប្រទេសសង្កេតការណ៍នៃអង្គការអន្តរជាតិប្រើប្រាស់ភាសាបារាំងជាយូរមកហើយ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។
អ្នកនាំពាក្យដដែលបានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ កម្ពុជាបានអញ្ជើញគ្រប់បណ្តាប្រទេសទាំងអស់ រួមមាន សមាជិកពេញសិទ្ធិ សមាជិកមិនទាន់ពេញសិទ្ធិ និងប្រទេសសង្កេតការណ៍ ព្រមទាំងផ្តល់នូវបដិសណ្ឋារកិច្ចស្មើៗគ្នាដោយគ្មានការរើសអើង។
ឯកឧត្តមបានបន្ថែមថាកិច្ចប្រជុំកំពូលនៅភ្នំពេញនេះ នឹងមានការអនុម័ត «សេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញ» ដែលផ្តោតលើការរួមគ្នាកសាងសន្តិភាព ស្ថិរភាពយូរអង្វែង ការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ ដើម្បីវិបុលភាពរួម។
ការលើកឡើងរបស់ភាគីកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក ស៊ីហាស័ក្តិ ភួងកែតកែវ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសថៃ បានប្រកាសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ថា ប្រទេសថៃនឹងបញ្ជូនប្រតិភូចូលរួមជាប្រទេសសង្កេតការណ៍ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ថ្លែងនៅវិមានរដ្ឋាភិបាលក្នុងក្រុងបាងកក លោក ស៊ីហាស័ក្តិ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះជាវេទិកាកិច្ចការសហគមន៍ហ្រ្វង់កូហ្វូនី ហើយមិនគួរត្រូវបានប្រើប្រាស់ជាកន្លែងពិភាក្សាអំពីជម្លោះទ្វេភាគីរវាងថៃ និងកម្ពុជានោះឡើយ។
ផ្អែកតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេស អ្នកវិភាគនយោបាយនៅកម្ពុជាខ្លះយល់ថាថៃកំពុងតែខ្លាចស្រមោលខ្លួនឯងតែប៉ុណ្ណោះ។
លោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានគូសបញ្ជាក់ថា ការបញ្ជូនក្រុមអ្នកសង្កេតការណ៍ថៃមកចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅទីក្រុងភ្នំពេញ គឺជាជំហរការទូតបត់បែន និងប្រាកដនិយមមួយ ក្នុងនាមថៃជាសមាជិកសង្កេតការណ៍អង្គការអន្តរជាតិប្រើប្រាស់ភាសាបារាំង។
លោកបណ្ឌិត យល់ឃើញថា វិធានការនេះមិនមែនជាការប្រឈមមុខដាក់គ្នា ឬបន្ទាបកម្រិតនយោបាយឡើយ ប៉ុន្តែជាការរក្សាតុល្យភាពការទូត ដើម្បីផ្តល់កិត្តិយសដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ និងរក្សាទំនាក់ទំនងក្នុងនាមអ្នកជិតខាងល្អ។ ជាមួយគ្នានេះ វាក៏ជាឱកាសសម្រាប់ថៃក្នុងការតាមដានឥទ្ធិពលការទូត របស់កម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងបង្ហាញពីបំណងវិជ្ជមានក្នុងការស្តារ និងដោះស្រាយបញ្ហាជាមួយកម្ពុជាតាមយន្តការច្បាប់ និងសន្តិវិធី។
អង្គការអន្តរជាតិប្រើប្រាស់ភាសាបារាំង គឺជាបណ្តុំនៃប្រជាជាតិ និងរដ្ឋាភិបាលដែលមានចំណងទាក់ទងភាសា និងវប្បធម៌បារាំង។ ក្នុងនោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានៃចុងសប្ដាហ៍។
ប្រធានាធិបតីបារាំងឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រមុខរដ្ឋរដ្ឋាភិបាលមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក នឹងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខណៈប្រធានាធិបតីបារាំង ក៏នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាផងដែរ៕
ដោយ៖ទួន សុផល



