លោក Trump និង លោក Netanyahu ប៉ះទង្គិចពាក្យសម្តីយ៉ាងតឹងសរសៃករដាក់គ្នា ជុំវិញបញ្ហាបន្តវាយ អ៊ីរ៉ង់ ជុំថ្មី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប៉ះទង្គិចពាក្យសម្តីយ៉ាងតឹងសរសៃករដាក់គ្នា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីចុងសប្តាហ៍កន្លងទៅ ដោយសារមានការខ្វែងគំនិតគ្នាជុំវិញបញ្ហាបន្តប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ នេះបើតាម Anadolu រាយការណ៍កាលពីថ្ងៃអង្គារ ។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ត្រូវបានរាយការណ៍ថា ផ្តោតសំខាន់លើបញ្ហាអ៊ីរ៉ង់ និងភាពខុសគ្នារវាងគោលជំហររបស់អាមេរិក និងអ៊ីស្រាអែល ជុំវិញការចាប់ផ្តើមបំផ្ទុះសង្គ្រាមជុំថ្មី ។ នេះបើតាមប្រភពពីសារព័ត៌មាន Yedioth Ahronoth របស់អ៊ីស្រាអែល ។
ប្រភពដែលដឹងពីការសន្ទនានោះបញ្ជាក់ថា កិច្ចពិភាក្សារវាងលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ នេះ មានភាពតានតឹង និងប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ដោយប្រភពមួយបានហៅវាថា ជា «ការសន្ទនាស្រែកដាក់គ្នាដ៏អាក្រក់បំផុត» ។
ជាការឆ្លើយតប ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញមុខបដិសេធចំពោះសេចក្តីរាយការណ៍នេះ ដោយអះអាងថា កិច្ចសន្ទនានោះ មិនមានភាពតានតឹងដូចការលើកឡើងនោះទេ ហើយថា វាគឺជាព័ត៌មានក្លែងក្លាយ និងជារឿងមិនសមហេតុផលទាំងស្រុង ។
យ៉ាងណា ការបែកធ្លាយព័ត៌មានដ៏រសើបនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសែត Financial Times រាយការណ៍ថា លោក ណេតាន់យ៉ាហ៊ូ បានទាក់ទងទៅលោក ត្រាំ ជារៀងរាល់ថ្ងៃ ដើម្បីដុតបញ្ឆេះឱ្យអាមេរិកបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ ។
បើតាមកាសែតយក្សរបស់អង់គ្លេសមួយនេះ មេដឹកនាំប្រទេសអារ៉ាប់ និងមូស្លីម បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការជំរុញឥតឈប់ឈររបស់លោក ណេតាន់យ៉ាហ៊ូ ដោយពួកគេបានទទូចឱ្យលោក ត្រាំ ផ្តល់អាទិភាពលើដំណោះស្រាយការទូត ជាជាងការបន្តប្រើប្រាស់កម្លាំងយោធា ដើម្បីពន្លត់ភ្លើងសង្គ្រាម ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
